សេដ្ឋកិច្ច

ទឹកត្រី​ខេត្តកំពត​កំពុង​ត្រូវបាន​ជំរុញ​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង​

ភ្នំពេញ៖​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​និង​ក្រុម​ធុរកិច្ច​មកពី​កូរ៉េខាងត្បូង ថ្មីៗ​នេះ​បាន​ចុះ​ទស្សនកិច្ច​ស្វែងយល់​អំពី​ខ្សែចង្វាក់​ផលិតកម្ម​ទឹកត្រី​នៅ​សហគ្រាស​ផលិត​ទឹកត្រី​មួយកន្លែង​នៅក្នុង​ខេត្តកំពត ក្នុង​គោលបំណង​ជំរុញ​ការនាំចេញ​ផលិតផល​ទឹកត្រី​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង ខណៈដែល​ប្រទេស​ទាំងពីរ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP ជាដើម ដែល​ផ្ដល់ឱកាស​កាន់តែ​ទូលាយ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​ឯកឧត្តមប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្មនិង​គណៈប្រតិភូ​សមាគម​អ្នក​នាំចូល​កូរ៉េ រួមមាន លោក Jang Gyu-Hwa អនុ​ប្រធាន​​សមាគម​អ្នក​នាំចូល​កូរ៉េ (KOIMA), លោកស្រី Lin Yu ប្រធាន​ក្រុមហ៊ុន GADOSH កាលពី​ថ្ងៃទី​៣​ខែធ្នូ បាន​ចុះ​ទស្សនកិច្ច​ស្វែងយល់​អំពី​ខ្សែចង្វាក់​ផលិតកម្ម​ទឹកត្រី​នៅ​សហគ្រាស​ផលិត​ទឹកត្រី​ង៉ូ​វ​ហេង និង​ដំណើរការ​ផ្សារ​អ៊ី​ឆែ​ង៉ូ​វ​ហេង នៅ​ទីក្រុង​កំពត ខេត្តកំពតក្នុង​គោល​បំណង​ជំរុញ​ការនាំចេញ​ផលិតផល​ទឹកត្រី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​កូរ៉េ ឱ្យប្រើ​ប្រាស់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ដែល​កម្ពុជា​ជា​សមាជិក រួមមាន​៖ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ (CKFTA) ដែល​ទើបតែ​ចូល​ជា​ធរមាន​នា​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២​នេះ ដើម្បី​ជំរុញ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាន់តែ​កើនឡើង​បន្ថែមទៀត​។​

​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​ណែនាំ​ដល់​ក្រុមហ៊ុន​ទឹកត្រី​ង៉ូ​វ​ហេង សិក្សា​ស្វែងយល់ និង​ទាញយក​បច្ចេកទេស បទ​ពិសោធន៍​ថ្មីៗ​បន្ថែមទៀត ពី​ខាង​ភាគី​កូរ៉េ ដើម្បី​បង្កើន​គុណភាព ផលិតភាព និង​ស្ដង់ដារ​ផលិតផល​របស់ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ផង​ដែរ​។​

​ជាមួយគ្នានេះ លោក Jang Gyu-Hwa អនុប្រធាន​សមាគម​អ្នក​នាំចូល​កូរ៉េ បានបង្ហាញ​ពី​គោលបំណង​របស់​គណៈប្រតិភូ​សមាគម​អ្នក​នាំចូល​កូរ៉េ ក្នុងការ​នាំយក​នូវ​ផលិតផល​ទឹកត្រី ង៉ូ​វ​ហេង ខេត្តកំពត​ចូលទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ ដើម្បី​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ធ្វើជា​វត្ថុ​ធាតុដើម​ក្នុងការ​ផលិត​គីម​ឈី ផងដែរ​។ លោក​បន្តថា​សមាគមន​នេះ នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​ជំរុញ​កិច្ចការ​នេះ​ឱ្យបាន​ឆាប់​បំផុត​៕ដោយៈសិរីមតី