សន្ដិសុខសង្គម

ចេញ​​ធ្វើ​ការជិះម៉ូតូជាមួយអ្នក​ស្គាល់ ​ត្រូវ​ម្ចាស់ម៉ូតូឆក់កាបូបយកទៅបាត់

ភ្នំពេញ៖ស្ត្រីម្នាក់ចេញពីធ្វើការបានជិះម៉ូតូជាមួយអ្នកស្គាល់គ្នាត្រឡប់ទៅផ្ទះវិញ ត្រូវម្ចាស់ម៉ូតូ​ធ្វើសកម្មភាពឆក់យកកាបូបជិះគេចខ្លួនបាត់។ករណីនេះបានកើតឡើងនៅត្រង់ក្រោមស្ពាន​អាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​៥ ខែធ្នូ​។

ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ នាងបានចេញពីធ្វើការក្នុងហាងផឹកស៊ីមួយនៅម្តុំសួន​សុបិនចម្ការព្រីងដោយនាងមានសភាពស្រវឹងស្រឿងៗក៏ជិះ​ម៉ូតូម៉ាក MSX ជាមួយអ្នក​ស្គាល់គ្នា​ត្រឡប់​ទៅ​ផ្ទះវិញនៅម្តុំវត្តសំរោងអណ្ដែត។

ដល់​ពាក់​កណ្ដាល​ផ្លូវ​ នាងក៏ឱ្យម៉ូតូឈប់ដើម្បីចូលបន្ទប់ទឹក ស្រាប់តែម្ចាស់​ម៉ូតូ​ឆក់កាបូប​ស្ពាយ​ជិះ​គេច​ខ្លួន​បាត់តែម្តង។នៅក្នុងកាបូបនោះមានប្រាក់២០០ដុល្លារ ទូរសព្ទមួយគ្រឿង-ចិញ្ចៀនមួយវង់-ខ្សែកមួយខ្សែ-ខ្សែដៃមួយខ្សែ-សរុបជាទឹកប្រាក់ជាង១.០០០ដុល្លារ ។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះបានទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលដើម្បីសុំឱ្យជួយអន្តរាគមន៍​ស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ