កីឡា

កីឡាករបំបែកកំណត់ត្រា Giroud ជួយ​នាំ​ឱ្យ​បារាំង​មាន​សិទ្ធិប្រជែង​ World Cup ដដែលទៀត​

កីឡាករ Olivier Giroud គឺជាផ្នែកមួយដ៏សំខាន់នៃក្រុមជម្រើស​ជាតិ​បារាំង ដែលឈ្នះពាន​រង្វាន់ ក្នុង​ព្រឹត្តិការណ៍ World Cup 2018 ប៉ុន្តែនៅប្រទេសកាតានេះ ខ្សែប្រយុទ្ធរូបនេះ បាននាំឱ្យ​មាន​គ្រាប់បាល់ ដែលបាត់ពីការប្រកួតរបស់គេ កាលពី ៤ឆ្នាំមុន នៅប្រទេសរុស្ស៊ីនោះ​។

នៅយប់ដែលខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតបញ្ចូលទីបាន ២គ្រាប់យ៉ាង​អស្ចារ្យ កីឡាករ Giroud បានកត់​ត្រា​ខ្លួនឯងទៅក្នុងសៀវភៅប្រវត្តិសាស្ត្រជាមួយនឹងគ្រាប់បាល់ទី​៥២ របស់ខ្លួន សម្រាប់ក្រុម​មាន់គក ដែលជាការបំបែកកំណត់ត្រារបស់អតីត​កីឡាករ លោក  Thierry Henry។

ក្នុង​ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ដែលកីឡាករ Mbappe ត្រូវ​ប្រឈម​ជាមួយខ្សែ​ប្រយុទ្ធ Robert Lewandowski របស់​ក្រុម​ប៉ូឡូញ​នោះ​ វាគឺកីឡាករ Giroud ដែលមានវ័យច្រើន​ដល់​ទៅ ៣៦ឆ្នាំឯ​ណេះ​ទេ បានជួយឱ្យក្រុម​បារាំងស្ថិត​នៅ​លើ​ផ្លូវនៃ​ការ​ទទួល​បាន​ជ័យ​ជម្នះ ៣-១ ជាមួយនឹងគ្រាប់បាល់បើកឆាក នៅ​ ១នាទី មុនឈប់​សម្រាក​វគ្គ​ទី​១។

​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង លោក Didier Deschamps បាន​និយាយ​ថា៖ «Olivier (Giroud) តែង​តែ​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់។ បើ​ទោះ​បីជា​ ៤​ឆ្នាំ​មុន ​ជាមួយ​នឹងការ​ឈ្នះ​​ពានរង្វាន់ ​ដែល​​រូប​គេ​​មិន​បាន​ស៊ុត​បញ្ចូល​ទី​ក៏​ដោយ ក៏​រូប​គេ​នៅ​​តែ​​សំខាន់ សម្រាប់​ក្រុម​ជានិច្ច​»។

ក្រុម​បារាំងត្រូវតែមាន​ភាព​អត់ធ្មត់ ចំពោះក្រុមប៉ូឡូញ ដែលតាមការរំពឹងទុក ត្រូវ​តែ​លេង​ការពារយ៉ាង​រឹង​មាំ​ ប៉ុន្តែនៅពេលដែលបាល់ដ៏វិសេសពី​កីឡាករ Mbappe បញ្ជូន​ទម្លុះ​ឱ្យ​ទៅ​កីឡាករ Giroud ដែល​ទទួល​បាល់ ហើយ​ស៊ុត​ផុត​ដៃ​អ្នក​ចាំទី Wojciech Szczensy ចូល​ទី​យ៉ាង​ស្អាត បាន​ធ្វើ​ឱ្យ​ហ្គេម​ចាប់​ផ្ដើម​ប្រែប្រួល។

ចូល​ដល់​វគ្គ​ទី ២ ក្រុម​បារាំង​មាន​ប្រៀប​កាន់​តែខ្លាំង ហើយ​បន្ថែម​ការ​នាំ​មុខ​បន្ថែម ២គ្រាប់​ទៀត ដែល​ទម្លុះ​សំណាញ់​ទី​ដោយ​កីឡាករ Mbappe មុន​ពេល​កីឡាករ Lewandowski ស៊ុត​បាល់​ប៉េណាល់​ទី​បាន​សម្រេច ១គ្រាប់​ឱ្យ​ក្រុម​ប៉ូឡូញ នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។ ​ក្រុម​បារាំងត្រូវ​ឡើង​ទៅ​ជួប​ក្រុម​តោកំណាចអង់គ្លេស នៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ៕