សេដ្ឋកិច្ច

ការប្រមូល​ចំណូល​របស់​រដ្ឋ ជួយ​ឱ្យ​មន្ត្រីរាជការ​បាន​ឡើង​ប្រាក់ខែ​

​ភ្នំពេញ​៖ លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា៖កំណើននិង​ចំណូល​របស់​រាជរដ្ឋា ភិបាល ដែល​យើង​ប្រមូលបាន​រយៈ​គយ និង​ពន្ធដារ អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល តម្លើង​ប្រាក់​បៀរ​វត្ស​ជូន​មន្ត្រីរាជការ​ទាំង​ថ្នាក់ជាតិ និង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ដែលមាន​មន្ត្រីឃុំ​សង្កាត់ ក្រុមប្រឹក្សា​រាជធានី​ទាំងអស់​សុទ្ធតែ​ឡើង​បាន​គួរសម​។

​យោងតាម​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៣ ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល​គ្រោង​ថវិកា​ប្រមាណ​ជាង ៩ ៥៥៥ ប៊ី​លាន​រៀល ឬ​ប្រមាណ ២ ២៩៥ លាន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​បន្ទុក​បុគ្គលិក​រដ្ឋ នៅក្នុង​ឆ្នាំ​២០២៣ ដើម្បី​ដំឡើង​ប្រាក់បៀវត្ស ជូន​មន្ត្រីរាជការ​ស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន មន្ត្រី​កងកម្លាំងប្រដាប់អាវុធ ដែលមាន​ប្រាក់ខែ​អប្បបរមា​ជាង​១​លាន​១​សែន​រៀល ឱ្យដល់​ជាង​១​លាន​៣​សែន​រៀល ខណៈ​មន្ត្រី​ជាប់កិច្ចសន្យា​ឡើងដល់​៧១​ម៉ឺន​រៀល ដើម្បី​គាំទ្រ​ដល់​ជីវភាព មន្ត្រី​រាជការ បន្ទាប់ពី​ខកខាន​ក្នុងការ​ដំឡើង​របស់រ​យៈ​ពេល​២​ឆ្នាំដោយសារតែ​បញ្ហា​កូ​វីដ​១៩​។​

​ចាប់ពី​ខែមករា ឆ្នាំ​២០២៣ បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ​នឹង​ត្រូវបាន​តម្លើង​៖​បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ​ស៊ីវិល នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១ ១៧២ ៥០០ រៀល នៅ​ឆ្នាំ ២០២២ ដល់​ប្រមាណ ១ ៣០០ ០០០ រៀល​។​គ្រូបង្រៀន និង គ្រូពេទ្យ នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១ ២៧២ ៥០០ រៀល នៅ​ឆ្នាំ ២០២២ ដល់​ប្រមាណ ១ ៤០០ ០០០ រៀល​។​បៀវត្ស​នគរបាល (​ពលបាលត្រី​) នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១ ២៥៦ ៩៧៧ រៀល (​ដោយ​គិត​បញ្ចូល​ទាំង​របប​អង្ករ​) នៅ​ឆ្នាំ​២០២២ ដល់​ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (​ដោយ​គិត​បញ្ចូល​ទាំង​របប​អង្ករ​) ​បៀវត្ស​យោធិន (​ពលទោ​) នឹងត្រូវ​បាន​ដំឡើង​ពី​ចំនួន ១ ១២៣ ៥០០ រៀល (​ដោយ​មិន​គិត​បញ្ចូល​របប​អង្ករ​) នៅ​ឆ្នាំ ២០២២ ដល់​ប្រមាណ ១ ២៥១ ០០០ រៀល (​ដោយ​មិន​គិត​បញ្ចូល​របប​អង្ករ​) ហើយ​បើ​គិត​បញ្ចូល​ទាំង​របប​អង្ករ ត្រូវជា​ប្រមាណ ១ ៣០៩ ៤៧៧ រៀល​៕ដោយៈសិរីមតី