អន្តរជាតិ

កងទ័ពអាកាសអ៊ុយក្រែនអះអាងបាញ់ ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ី Ka-52 រសៀលថ្ងៃទី៤

កងទ័ពអាកាសអ៊ុយក្រែន កាលពីរសៀលថ្ងៃអាទិត្យទី៤ ខែធ្នូ បានអះអាង និងបញ្ចេញ​វីដេអូបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ី Ka-52 នៅសមរភូមិភាគខាងត្បូងឆេះខូចខាតខ្ទេចខ្ទី។

យោងតាមការដកស្រង់បន្តដោយភ្នាក់ងារឯករាជ្យ AFP បានឲ្យដឹងថា កងទ័ពអាកាស​អ៊ុយក្រែនបានបង្ហាញវីដេអូអំពីរបៀបដែលពួកគេបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Ka-52 របស់រុស្ស៊ីកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ពិតប្រាកដមែន។ ការបាញ់ទម្លាក់បានធ្វើឡើងនៅក្នុងតំបន់សមរភូមិឃើសនភាគខាងកើតប្រទេសអ៊ុយក្រែន។ វាត្រូវបានគេបញ្ជាក់ថានៅម៉ោងប្រហែល២រសៀលម៉ោងក្នុងស្រុក ខណៈដែលអង្គភាពនៃកងពលតូចរ៉ុក្កែតប្រឆាំងយន្តហោះ Dnipro នៃបញ្ជាការដ្ឋានអាកាស Skhid (ខាងកើត) បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Ka-52 របស់រុស្ស៊ីឲ្យផ្ទុះឆេះហុយផ្សែងយ៉ាងសន្ធោសន្ធៅ។

ក្រោយកើតហេតុ អ្នកបើករុស្ស៊ី ត្រូវបានគេសន្មតថាបានស្លាប់ក្នុងពេលផ្ទុះបាត់ទៅហើយ ដោយគ្រោងដែកឧទ្ធម្ភាគចក្របានរកឃើញក្នុងតំបន់ឃើសន។ ជុំវិញព័ត៌មាននេះ ខាងរុស្ស៊ីមិនបានចេញមកឆ្លើយតបនោះទេ។ ឧទ្ធម្ភាគចក្រប្រយុទ្ធ Ka-52 របស់រុស្ស៊ី គឺជាគ្រឿងអាកាសដែលបន្តតំណែងពីឧទ្ធម្ភាគចក្រ Ka-50របស់រុស្ស៊ី ។ វាត្រូវបានឆ្លងកាត់​ការធ្វើតេស្តដោយជោគជ័យរួចរាល់បញ្ចប់ក្នុងឆ្នាំ ២០១១ ដែលមានសមត្ថភាពបត់បែន​គ្រប់កាលៈទេសៈប្រយុទ្ធទាំងអស់ និងពេញនិយមនៅក្នុងវិស័យកងទ័ពរុស្ស៊ី៕

ប្រភព៖ ​AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា