កីឡាករ Hwang Hee-chan បានស៊ុតបញ្ចូលទី ក្នុងម៉ោងបន្ថែមមានរបួស ដើម្បីជួយទាញក្រុមជម្រើសជាតិកូរ៉េខាងត្បូង (កូរ៉េ) ឱ្យរួចផុតពីមាត់ជ្រោះនៃការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 ហើយរុញឱ្យក្រុមកម្រិតកំពូលរបស់អាស៊ីមួយនេះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្ងៃសុក្រ ជាមួយនឹងជ័យជម្នះដ៏មហអស្ចារ្យ ២-១ លើក្រុមព័រទុយហ្គាល់ ដែលដណ្ដើមបានសិទ្ធិឆ្លងទៅវគ្គចាញ់ធ្លាក់រួចហើយ។
ខ្សែប្រយុទ្ធបម្រុង ធ្វើបានសម្រេចគ្រាប់បាល់ដ៏មានតម្លៃនោះ នៅនាទីទី៩១ ក្នុងហ្គេមចុងក្រោយ នៅឯកីឡដ្ឋាន Education City ក្នុងប្រទេសកាតា ដែលជាគ្រាប់បាល់បង្កើតឱ្យមាននូវភាពរីករាយយ៉ាងរំជួលចិត្ត និងការស្រក់ទឹកភ្នែក ក្នុងចំណោមកីឡាករ និងអ្នកគាំទ្ររបស់ក្រុមកូរ៉េ។
កីឡាករ Son Heung-min ដែលជាអ្នកបង្កើតឱកាសឱ្យមានគ្រាប់បាល់កាត់ថ្លៃមិនបាននោះ ដោយការរត់ និងបញ្ជូនយ៉ាងល្អឥតខ្ជោះ បានផ្ដួលខ្លួនទៅលើទីលាន ពេលសំឡេងកញ្ចែចុងក្រោយបន្លឺឡើង ហើយទឹកភ្នែករបស់គេបានហូរចេញមក បន្ទាប់ពីបានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកជួយឱ្យក្រុមវាយបកពីការត្រូវបាននាំមុខ រហូតទទួលបានជ័យជម្នះ។
បន្ទាប់មក កីឡាកររបស់ក្រុមកូរ៉េ បាននាំគ្នាឈរមើលការប្រកួត រវាងក្រុមហ្គាណា ទល់នឹងក្រុមអ៊ុយរូហ្គាយ តាមរយៈទូរស័ព្ទដៃ ខណៈដែលពួកគេរង់ចាំអ៊ុតមើលកៅអីរបស់ពួកគេ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ ២ ត្រូវបានអះអាងយ៉ាងពិតប្រាកដ។ នៅពេលដែលពិតជាបែបនោះហើយ ពួកគេបាននាំគ្នាអបអរដូចមនុស្សបាត់សតិ ពោលគឺរំភើបក្រៃលែង មុនពេលនាំគ្នារត់ឆ្ពោះយ៉ាងលឿនតម្រង់ទៅរកក្រុមអ្នកគាំទ្រ ដែលនៅពីក្រោយបង្គោលទី ហើយក្រាបហែលលើវាលស្មៅ។
ក្រុមព័រទុយហ្គាល់របស់កីឡាករ Cristiano Ronaldo នៅតែឈរទី ១ ក្នុងពូល H ហើយមានន័យថា ពួកគេបានគេចផុតពីការជួបជាមួយក្រុមប្រេស៊ីល ដែលនៅតែជាប្រធានពូល G ទោះជាប្រកួតចាញ់ក្រុមកាមេរូន ១-០ និងមាន ៦ពិន្ទុស្មើគ្នាជាមួយក្រុមស្វីសក៏ដោយ។
«ក្នុងនាមជាជនជាតិកូរ៉េម្នាក់ ខ្ញុំមានមោទនភាពខ្លាំងណាស់ ហើយខ្ញុំចង់អរគុណដល់អ្នកគាំទ្រកូរ៉េទាំងអស់ នៅក្នុងប្រទេសកូរ៉េ»។ នេះជាសម្ដីរបស់កីឡាករ Hwang វ័យ ២៦ឆ្នាំ ដែលលេងឱ្យក្រុម Wolves នៅក្របខ័ណ្ឌ Premier League។
កីឡាករ Hwang ដែលបានខកខានការប្រកួត ២លើកដំបូង នៅកាតានេះ ដោយសារតែរបួស បានបន្ថែមថា៖ «នេះគឺជាកាដូ (រង្វាន់) សម្រាប់ពួកគេ។ លើសពីអ្វី ដែលខ្ញុំចង់និយាយ គឺថា ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់»៕