សន្ដិសុខសង្គម

បុរសដឹកជញ្ជូនFood Panda អង្គុយលើកៅអីដួលស្លាប់ភ្លាម

ភ្នំពេញ៖បុរសជាអ្នកដឹកជញ្ជូនFood Panda ម្នាក់កំពុងអង្គុយលើកៅអីត្អូញថាមិនស្រួលខ្លួន ក៏ដួលបណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមមិនអាចជួយសង្គ្រោះទាន់។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះឡោម សំណាង អាយុ២៦ឆ្នាំ ទីកំណើតនៅភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ជនរងគ្រោះបានស្លាប់នៅមុខហាងមីហឹរមួយស្ថិតនៅតាមផ្លូវ២២៥ កែងផ្លូវ១១៨ ខណ្ឌទួលគោក កាលពីថ្ងៃរសៀលទី២ ខែធ្នូ។

បុគ្គលិកហាងបានដឹងថា មុនកើតហេតុ ភ្ញៀវបានកម្ម៉ុងមីហឹរ ទើបជនរងគ្រោះ​ជាបុគ្គលិកFood Panda បានជិះម៉ូតូមកហាងដើម្បីចាំយកមីទៅ​ឱ្យភ្ញៀវ។កំពុងអង្គុយចាំលើកៅនៅមុខហាង បានត្អូញថាដូចជាមិនស្រួលខ្លួន។ពេលនោះក៏ស្រាប់តែដួលធ្លាក់ពីលើកៅអីត្រូវបានបុគ្គលិកដូចគ្នានិងប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍-ខណ្ឌនិងពេទ្យជំនាញកោសល្យវិច័យបានចុះពិនិត្យ ហើយបានបញ្ជាក់ថា បុរសរូបនេះស្លាប់ដោយសារខ្យល់គរនិងនាំយកសពទៅតម្កល់​នៅវត្តទឹកថ្លា៕ដោយ៖វិចិត្រ