អន្តរជាតិ

ក្មេងប្រុសម្នាក់ត្រូវសត្វក្រពើស៊ីនៅមុខឪពុកពេលស្ទូចត្រីនៅប្រទេសម៉ាឡេស៊ី

ប្រែសម្រួល៖ តុលា

ក្មេងប្រុសម្នាក់ត្រូវសត្វក្រពើខាំស៊ីទាំងរស់នៅចំពោះមុខឪពុករបស់ខ្លួនយ៉ាងអាណោចអាធ័ម បន្ទាប់ពីសត្វសាហាវនេះបានវាយប្រហារពួកគេក្នុងពេលជិះទូកស្ទូចត្រីនៅទន្លេប្រទេសម៉ាឡេស៊ី។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ១ ខែធ្នូ ឆ្នាំ២០២២ នៅឆ្នេរ Lahad Datu ក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។ យោងតាមអាជ្ញាធរបានប្រាប់សារព័ត៌មានថា សត្វក្រពើបានវាយប្រហារទូករបស់ជនរងគ្រោះ ពេលកំពុងចេញដំណើរទៅស្ទូចត្រី។ ជាអកុសល ក្មេងប្រុសអាយុ១ឆ្នាំម្នាក់ត្រូវបានសត្វក្រពើអូសចេញពីទូកនិងស៊ីទាំងរស់គួរឲ្យអាណិត ខណៈបុរសជាឪពុកមិនអាចជួយសង្រ្គោះបាននោះទេ ព្រមទាំងត្រូវក្រពើខាំឲ្យរបួសក្បាលទៀតផង។

លោក Sumsoa Rashid ប្រធានភ្នាក់ងារពន្លត់អគ្គិភ័យ និងសង្គ្រោះប្រចាំ Lahad Datu បាននិយាយថា “ឪពុកបានរងរបួសក្បាល និងដងខ្លួនធ្ងន់ធ្ងរ។ កូនប្រុសរបស់គាត់នៅតែបាត់ខ្លួន ហើយប្រតិបត្តិការស្វែងរកកំពុងបន្ត។ បុរសនោះត្រូវបានគេយកទៅមន្ទីរពេទ្យ Lahad Datu ដើម្បីព្យាបាលជំងឺ។ ប៉ូលិស Royal Malaysian និងប៉ូលិសសមុទ្របានចូលរួមជាមួយនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ក្នុងការស្វែងរកសាកសពក្មេងប្រុសនេះ។

ក្រោយមានហេតុការណ៍នេះកើតឡើង មន្ត្រីបានព្រមានអ្នកភូមិរស់នៅតាមបណ្តោយដងទន្លេឱ្យនៅឆ្ងាយពីទឹកទន្លេខាងលើ។ លោក Sumsoa បានបន្ថែមថា “យើងបានព្រមានពួកគេពីគ្រោះថ្នាក់បន្ថែមនៅពេលនេះ ដោយត្រូវប្រុងប្រយ័ត្នជាពិសេសព្រោះក្រពើទំនងជានៅតែនៅក្នុងតំបន់នោះ ខណៈទន្លេនោះគឺជាប្រភពចិញ្ចឹមជីវិតប្រជាជន”៕

ប្រភព៖ DAILY MAIL