សេដ្ឋកិច្ច

កម្ពុជា​ស្នើ​ប្រេ​ស៊ី​ល បង្កើត​វេទិកា​ធុរកិច្ច​បង្កើន​ការវិនិយោគ

​ភ្នំពេញ​៖ លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេ​ស៊ី​ល ចាប់ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០២២ ដើម្បី​ធ្វើជា​សហប្រធាន​ជាមួយ លោក Carlos Alberto Franco França រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​កម្ពុជា​-​ប្រេ​ស៊ី​ល លើក​ទី​១​។​

​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ពិភាក្សា​លើ​វិស័យ​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីរួមមានទំនាក់ទំនង​ការទូត ពាណិជ្ជកម្ម វិនិយោគ អប់រំ កីឡា  ទេសចរណ៍ កសិកម្ម ការជួញដូរ​មនុស្ស ការដោះមីននិង​បេស​សក​កម្ម​ថែរក្សា​សន្តិភាព​។ភាគី​ទាំងពីរ​បានបង្ហាញ​នូវ​ទស្សនៈ​សុទិដ្ឋិនិយម​ថា ប្រទេស​ទាំងពីរ​នៅមាន​វិស័យ​សក្ដានុពល​ជាច្រើន​ទៀត ដើម្បី​ស្វែងយល់​ពីគ្នា និង​ទាញយក​ផលប្រយោជន៍ ក្នុងពេល ដែល​ប្រទេស​ទាំងពីរ​កំពុង​បន្ត​កសាង​ទំនាក់ទំនង​ការទូត​ឱ្យ​កាន់តែ​រឹងមាំនិង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​អាច​សម្រេច បាន​។ភាគី​ទាំង​ពីរបាន​ពិភាក្សា​ផ្លាស់ប្តូ​យោបល់​លើ​កិច្ចសហការ​ក្នុង​ការបើក​ស្ថានទូត​រៀងៗ​ខ្លួនទាំង​នៅ​ទីក្រុង​ប្រេ​ស៊ី​លៀ និង​នៅ​ទីក្រុង ​ភ្នំពេញ ក្នុងពេល​អនាគត​ដ៏​ឆាប់​ខាងមុខ​។​

​ដោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរនៅមានកម្រិត​នៅឡើយ លោក អ៊ុច បូរ​រិ​ទ្ធ បានស្នើ​ឱ្យមាន​វេទិកា​ធុរកិច្ច រៀបចំឡើង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​២ នៅ​ទីក្រុង​ភ្នំពេញដើម្បី​ពង្រីក​សកម្មភាព​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​៕ដោយៈសិរីមតី