កីឡា

Mueller និយាយទាំងសោកស្ដាយថាជាមហន្តរាយទាំងស្រុង ខណៈអាល្លឺម៉ង់ធ្លាក់ពី World Cup

ខ្សែប្រយុទ្ធ Thomas Mueller បាននិយាយថា ការធ្លាក់​ចេញ​ពីការប្រកួតប្រជែងត្រឹម​ជុំទី ១ ជាប់​ៗគ្នា​របស់ក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់​របស់​ខ្លួនពីព្រឹត្តិការណ៍ World Cup គឺជា«មហន្តរាយទាំងស្រុង» ខណៈ​ដែល​មិត្តរួមក្រុម Kai Havertz ប្រដូចទៅនឹង«ការមើលភាពយន្តបែបភ័យរន្ធត់»។

ក្រុមឥន្ទ្រីដែក​អាល្លឺម៉ង់ បានយកឈ្នះក្រុមកូស្តារីកា ៤-២ ប៉ុន្តែក្រុម​អេស្ប៉ាញ បានចាញ់ក្រុមជប៉ុន ២-១ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ដែលមានន័យថា ក្រុម​អាល្លឺម៉ង់បានបញ្ចប់នៅ​ចំណាត់ថ្នាក់លេខ ៣ ក្នុងពូល E តាមពីក្រោយក្រុមគោជល់អេស្ប៉ាញ ដោយក្រុមទាំង ២ មាន ៤ពិន្ទុស្មើគ្នា ហើយទីតាំង​ឈរ ត្រូវ​បាន​កំណត់​ដោយគ្រាប់បាល់បាញ់​ចំណេញ​ខុសគ្នា។

កីឡាករ Mueller បាននិយាយថា៖ «វាពិតជារឿង​ឈឺចាប់​ដ៏​មិនគួរឱ្យជឿ សម្រាប់ពួកយើង ពីព្រោះលទ្ធផលរបស់យើងនឹងគ្រប់គ្រាន់ហើយ។ វាជាការ​មាន​អារម្មណ៍គ្មាន​កម្លាំង​កំហែង​សោះ»។

កីឡាករ Mueller គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម ដែល​បាន​​ឈ្នះ​ពាន World Cup 2014 នៅ​ប្រទេស​ប្រេស៊ីល ហើយ​ក៏​ស្ថិត​ក្នុង​ក្រុម ​ដែល​ត្រូវ​បាន​ជ្រុះ​ចេញ ​ក្នុង​ដំណាក់​កាល​នេះដូចគ្នា​ កាល​ពី​ ៤​ឆ្នាំ​មុន នៅ​​ប្រទេស​រុស្ស៊ី។

ចំណែក​កីឡាករ Havertz បាននិយាយថា ក្រុម​អាល្លឺម៉ង់ទើប​បាន​ដឹង​ជោគវាសនារបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍នោះ នៅពេលលទ្ធផលនៃការប្រកួត រវាងក្រុមជប៉ុន និងអេស្ប៉ាញ ត្រូវបានបង្ហាញនៅលើស្គ្រីនដ៏ធំរបស់កីឡដ្ឋាន ដែលធ្វើឱ្យ​អារម្មណ៍កាន់តែពិបាកឡើង​ៗ។

«នៅពេលដែលវាកើតឡើងបែប​នេះ វាមានអារម្មណ៍ថា ដូចជាកំពុង​មើលភាពយន្តបែបភ័យរន្ធត់ អ៊ីចឹង!»។ នេះ​ជា​សម្ដី​របស់​កីឡាករ Havertz ដែលស៊ុតបញ្ចូលទីបាន ២គ្រាប់ បន្ទាប់ពីចូល​លេង ក្នុង​ហ្គេម​ចុង​ក្រោយ​នេះ ក្នុង​នាម​ជាកីឡាករបម្រុង។

កីឡាករ Havertz បាន​បន្ថែម​ថា៖ «យើងបានដឹង ក្នុង​អំឡុងពេលប្រកួត ដែលក្រុមជប៉ុន កំពុង​នាំមុខ ហើយបន្ទាប់មកចំណាត់ថ្នាក់របស់ក្រុមប្រចាំ​ពូល ត្រូវបានបង្ហាញ នៅក្នុងកីឡដ្ឋាន។ យើងនៅតែមានសង្ឃឹមតិចតួចថា ក្រុមអេស្ប៉ាញនឹងអាច​ស៊ុត​បញ្ចូល​ទី​បាន​វិញ។ ប៉ុន្តែ​បន្ទាប់​មក ​យើង​បាន​ដឹង​​ថា ​ការ​ប្រកួតនោះ ​បាន​បញ្ចប់​ហើយ»៕