អន្តរជាតិ

រុស្ស៊ីចោទអាម៉េរិកនិងណាតូថាបានលូកដៃចូលសង្រ្គាមអ៊ុយក្រែនដោយផ្ទាល់

រដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់អាម៉េរិក និងណាតូពីការលូកដៃចូលសង្រ្គាមអ៊ុយក្រែន​ដោយផ្ទាល់ដែលមិនអាចព្រងើយកន្តើយបាន និងអំពាវនាវសុំរកការចរចាបញ្ចប់សង្រ្គាម។

ការចោទប្រកាន់នេះបានធ្វើឡើងជាលើកដំបូងដោយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោកSergei Lavrov ក្នុងអំឡុងសន្និសីទសារព័ត៌មានទីក្រុងមូស្គូនៅដើមខែធ្នូនេះ។ ដោយបានចោទអាម៉េរិកនិង​បណ្តាប្រទេសណាតូផ្សេងទៀតថាបានកំពុងលូកដៃចូលក្នុងសង្រ្គាមនៅអ៊ុយក្រែនដោយផ្ទាល់តាមរយៈការបញ្ជូនអាវុធ និងការបង្ហាត់បង្រៀនបណ្តុះបណ្តាលទ័ពអ៊ុយក្រែន។ លោក Lavrov បាននិយាយថា “យើងកំណត់គោលដៅលើគ្រឿងបរិក្ខារថាមពលនៅអ៊ុយក្រែន ក៏ព្រោះតែវាអនុញ្ញាតឱ្យអ្នកដែលជា​លោកខាងលិចបញ្ជូនអាវុធសាហាវចូលទៅក្នុងអ៊ុយក្រែនសម្លាប់ជនជាតិរុស្ស៊ី” ។ “ដូច្នេះកុំនិយាយ​ថាសហរដ្ឋអាម៉េរិក និងណាតូមិនមែនជាអ្នកចូលរួមនៅក្នុងសង្រ្គាមនេះ – អ្នកកំពុងចូលរួមវា​ដោយផ្ទាល់ហើយ”។ ដោយបន្តថា “មិនត្រឹមចូលរួមតាមរយៈការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងការបណ្តុះបណ្តាលបុគ្គលិក យោធា (អ៊ុយក្រែន) នៅលើទឹកដី​របស់អ្នកទៀតផង”។

បើទោះជាសុន្ទរកថានេះហាក់ដូចជាកោងកាច និងមើលទៅធ្ងន់ធ្ងរដាក់អាម៉េរិក និងណាតូក៏ដោយ រដ្ឋមន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះនៅតែបានរំលឹកឡើងចុងក្រោយទាក់ទងនឹងការចរចាបញ្ចប់សង្រ្គាម។ តែវាមិនច្បាស់ទេថាតើ ការសុំចរចាអាចនឹងធ្វើឡើងដោយរលូន ព្រោះអ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​នឹង​ត្រៀម​ខ្លួន​ធ្វើ​ការ​ចរចាដរាបណារុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​ទឹកដី​ខ្លួន រួម​ទាំង​ពី​តំបន់​គ្រីមៀរដែលបាន​ដាក់បញ្ចូល​ក្នុង​ឆ្នាំ ២០១៤ផងនោះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា