សន្ដិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុករថយន្តកំពុងបត់បណ្ដាលឱ្យរងរបួសធ្ងន់

ភ្នំពេញ​៖បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តកំពុងបត់បណ្ដាលឱ្យដួលរងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់ទៅបុកកន្លែងផលិតលូបណ្តាលឱ្យខ្ទេចខ្ទីផ្នែកខាងមុខ។គ្រោះថ្នាក់នេះនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីទៀបភ្លឺថ្ងៃទី២ ខែធ្នូ។

សមត្ថកិច្ចគោលដៅបានឱ្យដឹងថា ជនរងគ្រោះខាងម៉ូតូមឈ្មោះទិគ ចិន អាយុ២៦ឆ្នាំ នៅភូមិប្រក់ក្តារ ស្រុកពញាឮ ខេត្តកណ្តាល រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកខាងរថយន្តមិនទាន់​ស្គាល់អត្តសញ្ញាណនៅឡើយ។

មុនកើតហេតុ​ រថយន្តម៉ាកTOYOTA Camry ផ្លាកលេខភ្នំពេញ2AF.8597បើកតាមផ្លូវសហព័ន្ធ​រុស្ស៊ីពីលិចទៅកើត។មកដល់កន្លែងខាងលើក៏បត់ឆ្វេង ស្រាប់តែមានម៉ូតូម៉ាក PCX ផ្លាកលេខ​ភ្នំពេញ1DH.5282 បើកមកពីមុខបានបុកថយន្តពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលរងរបួសធ្ងន់។

ចំណែករថយន្តបន្ថែមល្បឿនបើករត់ចូលផ្លូវ 105K បុករះកន្លែងលក់លូបាក់បែកអស់ជាច្រើន កង់និងរថយន្តខូចខាតខាងមុខខ្ទេចខ្ទី។​ភ្លាមៗនោះ​អ្នកភូមិបានឃាត់ខ្លួនតៃកុងឱ្យសមត្ថកិច្ច​នគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី២ ដើម្បីបន្តនីតិវិធី​៕ដោយ៖វិចិត្រ