ក្រុមអាហ្សង់ទីនរបស់កីឡាករឆ្នើម Lionel Messi បានកក់កៅអីរបស់ខ្លួន ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៅព្រឹត្តិការណ៍ World Cup កាលពីថ្ងៃពុធ ជាមួយនឹងជ័យជម្នះ ២-០ លើក្រុមប៉ូឡូញ ខណៈដែលក្រុមអូស្ត្រាលី បានឆ្លងទៅវគ្គចាញ់ធ្លាក់ជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
អាហ្សង់ទីន ដែលជាអតីតក្រុមម្ចាស់ជើងឯកពិភពលោក ២សម័យកាល បានធ្វើដំណើរទៅវគ្គបន្ត ដោយសារគ្រាប់បាល់ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Alexis Mac Allister និង Julian Alvarez បានដណ្ដើមជ័យជម្នះលើក្រុមប៉ូឡូញ សម្រាប់ការប្រកួតចុងក្រោយ ក្នុងពូល C ខណៈដែលក្រុមជម្រើសជាតិអូស្ត្រាលី បានផ្ដល់ការខកចិត្តដល់ក្រុមដាណឺម៉ាក បន្ទាប់ពីទម្លាក់ក្រុមរបស់អឺរ៉ុបពីព្រឹត្តិការណ៍នេះ ដោយការយកឈ្នះ ១-០ ក្នុងហ្គេម នៅពូល D។
ក្រុមអាហ្សង់ទីន ដែលបានរងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃរបស់ក្រុមអារ៉ាប៊ីសាអ៊ូឌីតក្នុងការប្រកួតបើកឆាករបស់ពួកគេ បានធានាថា ពួកគេដណ្ដើមបានសិទ្ធិសម្រាប់ជុំទី២ ក្នុងនាមជាក្រុមលេខ ១ ក្នុងការប្រកួតមួយ ដែលឃើញថា ប្រធានក្រុម Messi បានស៊ុតប៉េណាល់អត់បានសម្រេចជាលើកទី៣១ នៃអាជីពរបស់ខ្លួន។
ក្រោយចប់ការប្រកួត កីឡការ Messi បាននិយាយថា៖ «យើងធ្វើដំណើរចេញមក ដោយគិតថា យើងត្រូវតែឈ្នះ។ ខ្ញុំមានអារម្មណ៍ខឹងសម្បានឹងការទាត់បាល់ពិន័យ ១១ម៉ែត្រនោះ មិនចូល ប៉ុន្តែក្រុមកាន់តែមានភាពខ្លាំងជាងមុន បន្ទាប់ពីកំហុសរបស់ខ្ញុំនោះ។ យើងបានដឹងច្បាស់ថា ពេលដែលគ្រាប់បាល់ទី១ កើតឡើងនោះ វានឹងផ្លាស់ប្តូរហ្គេមជាមិនខាន»។
ថ្វីបើប្រកួតចាញ់ក្រុមអាហ្សង់ទីនក៏ដោយ ក៏ក្រុមប៉ូឡូញបានឡើងទៅជុំបន្ទាប់ដែរ ក្នុងនាមជាក្រុមលេខ ២ ទោះបីជាមាន ៤ពិន្ទុស្មើជាមួយក្រុមម៉ិកស៊ិក ដែលយកឈ្នះក្រុមអារ៉ាប៊ីសាអ៊ូឌីត ២-១ ដោយសារមានគ្រាប់បាញ់ចំណេញ។
សម្រាប់ក្រុមកង់ហ្គារូអូស្ត្រាលី នេះជាលើកដំបូងហើយ ដែលបានឆ្លងផុតពីវគ្គក្នុងពូល គិតចាប់តាំងពី World Cup ឆ្នាំ២០០៦ ដោយសារគ្រាប់បាល់យ៉ាងស្អាតអស្ចារ្យរបស់កីឡាករ Mathew Leckie នៅនាទីទី៦០។ ក្នុង D នេះ ក្រុមមាន់គកបារាំង ដែលស្ទើរតែ ១០០ភាគរយ បានធានាចំណាត់ប្រធានពូលរួចហើយនោះ បានរងបរាជ័យ ១-០ ក្រោមដៃរបស់ក្រុមទុយនីស៊ី សម្រាប់ហ្គេមចុងក្រោយនៃវគ្គសន្សំពិន្ទុតាមពូលនេះ។
ក្នុងវគ្គ ១៦ក្រុម ក្រុមអាហ្សង់ទីន ត្រូវប៉ះប្រកួតជាមួយក្រុមអូស្ត្រាលី ខណៈក្រុមជើកឯកចាស់បារាំង ត្រូវតទល់នឹងក្រុមប៉ូឡូញ៕