ភ្នំពេញ៖ នគរបាលភ្នំពេញថ្ងៃទី១ ខែធ្នូនេះ បានបញ្ជូនស្ត្រីម្នាក់ទៅតុលាការសង្ស័យពាក់ព័ន្ធចេញសែកស្អុយទូទាត់សងទៅម្ចាស់បំណុលចំនួន២លើកប្រមាណ១២៥.០០០ដុល្លារ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីសង្ស័យឈ្មោះ វន មករា អាយុ៤០ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។មន្ត្រីដដែលបានបន្តថា ការឃាត់ខ្លួនស្ត្រីរូបនោះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរទៅលើឈ្មោះ វន មករា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ការប្រព្រឹត្តនោះនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។សមត្ថកិច្ចចាប់ខ្លួនឈ្មោះ វន មករា ដោយជនត្រូវចោទបានប្រើប្រាស់មូលប្បទានបត្រគ្មានសាច់ប្រាក់ប្រមាណ១២៥.០០០ដុល្លារក្នុងការទូទាត់ឱ្យទៅភាគីដើមបណ្តឹងវិញសុទ្ធសឹងជាសែកស្អុយទាំងអស់ជាបទល្មើសព្រហ្មទណ្ឌ៕ដោយ៖វិចិត្រ