ព្រៃវែង៖សមត្ថកិច្ចខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានចាប់ជនជាតិចិន២នាក់ករណីរឹតកតៃកុងប្លន់យករថយន្តតាក់ស៊ីនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ករណីបុរសចិន២នាក់ប្លន់រថយន្តតាក់ស៊ីនោះនៅភូមិព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។រថយន្តម៉ាកហាយឡែនឌ័រ ផ្លាកលេខ 2AS- 3009 អ្នកបើកបរឈ្មោះអោន ណូរ៉ា អាយុ ៣០ ឆ្នាំ នៅភូមិឫស្សីជួសខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ចំណែកជនសង្ស័យ២នាក់ជាជនជាតិចិនឈ្មោះHe Biao អាយុ៣៦ឆ្នាំ និងឈ្មោះ Chen Hua អាយុ៣៥ឆ្នាំ ពួកគេមកពីទីក្រុងសៀងហៃ ប្រទេសចិន។
មុនកើតហេតុ ចិន២នាក់បានជួលរថយន្តខាងលើជិះរួមដំណើរទាំងតៃកុងមានគ្នា៣នាក់។លុះធ្វើដំណើរមកដល់ខាងលិចស្ថានីយប្រេងមួយត្រង់កន្លែងខាងលើ បុរសចិនម្នាក់បានប្រើខ្សែរឹតកតៃកុងពីក្រោយ ហើយអូសជនរងគ្រោះចុះពីលើរថយន្ត។ពេលនោះចិនម្នាក់ទៀតបានឡើងបើកចេញពីកន្លែងកើតហេតុឆ្ពោះទៅទិសខាងកើត។
ចំណែកជនរងគ្រោះបានប្ដឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ករណីនេះ។ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានចេញស្ទាក់ចាប់ជនសង្ស័យទាំង២នាក់បាននៅមុខអធិការដ្ឋាននគរបាលស្រុកពារំាងតែម្តង៕ដោយ៖វិចិត្រ