ភ្នំពេញ៖បុរស២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ឡើងខឿនចែកផ្លូវ ជ្រុលបុកបង្គោលប៉ាណូពេញទំហឹងបណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅភូមិជ្រៃកោង តាមផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែធ្នូនេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ វិន វ៉ាត់ឆៃ អាយុ២០ឆ្នាំ នៅភូមិតាពោនខាងលិច ស្រុកសំរោង ខែត្តតាកែវ។ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនទាន់ស្គាល់ អត្តសញ្ញាណ ព្រោះត្រូវដឹកទៅមន្ទីរពេទ្យភ្លាមៗ។ពួកគេជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1CY-4572 ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះជួយដឹកសពទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមក ទទួលយក ធ្វើបុណ្យនិងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ដោយ៖វិចិត្រ