កីឡា

Ronaldo ខកខានការហ្វឹកហាត់ជាមួយព័រទុយហ្គាល់ មុនប៉ះកូរ៉េខាងត្បូង

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិន​បានចូល​រួម​​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ព័រទុយហ្គាល់​របស់​ខ្លួន​នោះ​ទេ ​កាល​ពី​ថ្ងៃ​ពុធ ​​មុន​ការ​ប្រកួត​តាម​​ពូល​ចុង​ក្រោយ ក្នុង​ព្រឹត្តិការណ៍   World Cup ​របស់​ពួក​គេ​ ទល់​​នឹងក្រុម​​កូរ៉េ​ខាង​ត្បូង។

យោងតាមប្រភពពីសហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ កំពុងធ្វើលំហាត់​ប្រាណ​ឱ្យ​រាង​កាយ​ប្រសើរ​​ឡើង​វិញជាពិសេស។ កីឡាករ Ronaldo ដែល​មិន​ទាន់​មាន​​ក្លិបនៅ​ឡើយ​ ចាប់តាំងពីចែក​ផ្លូវ​ជាមួយ​ក្លិប Manchester United អំឡុងព្រឹត្តិការណ៍​នេះ​នោះ បានស៊ុតបាល់ប៉េណាល់​ទី​សម្រេច ១គ្រាប់​ដែរ ក្នុងជ័យ​ជម្នះ នៅ​​ហ្គេមបើកឆាករបស់ក្រុម​ព័រទុយហ្គាល់​លើក្រុមហ្គាណា។

ក្រុម​ជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះក្រុមអ៊ុយរូហ្គាយ ២-០ ក្នុងការប្រកួតទី២ របស់ពួកគេ ដើម្បី​ធានាសិទ្ធិ​ឡើង​ទៅវគ្គ ១៦ក្រុមចុងក្រោយ ដោយ Ronaldo ហាក់ដូចជារកបាន ១គ្រាប់ដែរ ប៉ុន្តែរូប​គេ​មិនបានប៉ះបាល់នោះ​ទេ ហើយគ្រាប់​បាល់​នោះ​ត្រូវ​បាន​ផ្ដល់​ឱ្យមិត្តរួមក្រុម Bruno Fernandes។

ការ​ដណ្ដើម​បាន​ពិន្ទុ ពេល​ប៉ះ​ក្រុមកូរ៉េខាងត្បូង នៅថ្ងៃសុក្រនឹងគ្រប់គ្រាន់ ក្នុង​ការ​ធានាឱ្យពួកគេឈរទីកំពូល ខណៈដែល​​ពួក​គេក៏​អាច​​ចាញ់ ហើយ​នៅ​តែ​​ឈរ​ទី១ ប្រសិនបើក្រុមហ្គាណា របូត​ពិន្ទុ ឬ​ក៏​មាន​ជ័យ​ជម្នះ ប៉ុន្តែមិន​​មាន​ការ​ចាញ់​រហូត​ដល់​ទៅ ៣គ្រាប់​នោះ​ទេ។

ប្រសិនបើកីឡាករ Ronaldo មិនមានវត្តមានពេល​ប្រកួត​ជាមួយ​ក្រុមកូរ៉េខាងត្បូងទេនោះ ខ្សែប្រយុទ្ធ Goncalo Ramos របស់​ក្រុម Benfica និង Andre Silva របស់ក្រុម RB Leipzig ឬកីឡាករ​ Rafael Leao របស់ក្រុម AC Milan នឹងស្ថិតក្នុង​ចំណោម​កីឡាករ​ជម្រើស​ដំបូង ក្នុង​ហ្គេម​នោះ៕