កីឡា

Frappart នឹងក្លាយជាអជ្ញាកណ្ដាលស្ត្រីទី១ ក្នុងការប្រកួតរបស់បុរស នៅ World Cup

លោក​ស្រី Stephanie Frappart នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ ​ដែលធ្វើ​​ជា​អាជ្ញាកណ្តាល ​សម្រាប់​​ការ​ប្រកួតបាល់​ទាត់​ផ្នែក​បុរស ​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ពេល​ដែល​គាត់​ត្រូវ​​ទទួល​បន្ទុកកាត់​ក្ដី ក្នុង​ហ្គេម​នៃ​​វគ្គ​សន្សំ​ពិន្ទុ​តាម​​ពូល​ រវាង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ និង​ក្រុមកូស្តារីកា ពនៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

គាត់​ត្រូវបានដាក់​ឱ្យ​បំពេញ​តួនាទី​ជាមន្ត្រីទី៤ រហូតមកដល់ពេលនេះ ក្នុងការប្រកួតប្រជែង ឆ្នាំ២០២២ ហើយនឹងបង្កើតប្រវត្តិសាស្ត្រ នៅពេលដែលលោក​ស្រី​ទទួលភារកិច្ចជាអាជ្ញាកណ្តាលពេញលេញ ក្នុងការប្រកួត ប្រចាំ​ពូល E នៅកីឡដ្ឋាន Al Bayt។

លោកស្រី Frappart នឹងមាន​ជំនួយការ​ ដោយ​​ម្នាក់ជា​សញ្ជាតិប្រេស៊ីល Neuza Back និងម្នាក់​ទៀតជា​សញ្ជាតិម៉ិកស៊ិក​ Karen Diaz Medina ដើម្បីបង្កើតក្រុមស្ត្រីអាជ្ញាកណ្ដាលទាំងអស់ ក្នុង​ការ​ប្រកួត នៅ World Cup ផ្នែកបុរសជាលើក​ដំបូង។ អ្នក​នាង​ Kathryn Nesbitt នឹងធ្វើ​ការជាអ្នកត្រួត​ពិនិត្យបច្ចេកទេស​អកហ្ស៊ឺ ក្នុងចំណោមក្រុម VAR (វីដេអូជំនួយការអាជ្ញាកណ្ដាល)។

លោកស្រី Frappart វ័យ ៣៨ឆ្នាំ ធ្លាប់​មានបទពិសោធន៍ធ្វើ​តួនាទី នៅក្របខ័ណ្ឌ Champions League និងវគ្គ​ជម្រុះ World Cup របស់​ទ្វីប​អឺរ៉ុប ខណៈពេលដែលគាត់ ក៏ធ្លាប់​បានដឹកនាំការប្រកួត ក្នុង​វគ្គផ្តាច់ព្រ័ត្រនៃ​កម្មវិធី Coupe de France 2022 របស់​ប្រទេសបារាំង និងជុំ​ចុង​ក្រោយ នៅ​ World Cup ផ្នែក​នារី ឆ្នាំ២០១៩ ផងដែរ៕