អន្តរជាតិ

រុស្ស៊ីព្រមានវាយណាតូ បើហ៊ានផ្តល់ប្រព័ន្ធមីស៊ីល Patriot ដល់អ៊ុយក្រែន

ប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានចេញសារអាសន្នព្រមានវាយប្រហារ ដោយស្របច្បាប់ ប្រសិនបើសម្ព័ន្ធណាតូពិតជានឹងសម្រេចចិត្តផ្តល់ប្រព័ន្ធមីស៊ីល Patriot ដល់ អ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍តាមរយៈគណនី Telegram របស់លោក Medvedev អតីតប្រធានាធិបតី រុស្ស៊ី និងបច្ចុប្បន្នជាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីនឹងមានសិទ្ធិមានវាយប្រហារស្របច្បាប់ ប្រសិនបើសម្ព័ន្ធអង្គការណាតូហ៊ានផ្តល់ប្រព័ន្ធ  មីស៊ីល Patriot តាមការស្នើសុំរបស់អ៊ុយក្រែន។ ក្នុងសេចក្តីថ្លែងការណ៍ លោកមិនបានបញ្ជាក់ច្បាស់លាស់ថាតើគោលដៅវាយប្រហារនោះ គឺនឹងត្រូវធ្វើឡើងទៅលើប្រព័ន្ធ Patriot, ក្រុមនាវិកណាតូ អង្គការណាតូ ឬយ៉ាងណានោះទេ។

ការព្រមានបែបនេះ កើតឡើងភ្លាមៗតែម្តងបន្ទាប់ពីអ៊ុយក្រែនស្នើសុំប្រព័ន្ធនេះ និងអាវុធជាក់លាក់ កំពូលៗផ្សេងទៀតពីសម្ព័ន្ធមិត្តក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីណាតូនៅប្រទេសរ៉ូម៉ានីកាលពីថ្ងៃអង្គារ និងថ្ងៃពុធដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បាននិយាយថា ទីក្រុង Kyiv ត្រូវការមីស៊ីល Patriot ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួនពីការវាយប្រហារ តាមអាកាសរុស្ស៊ី។ ប្រព័ន្ធនេះជាសព្វាវុធឈានមុខអាចស្ទាក់ចាប់បានមីស៊ីលទាំងថ្ងៃទាំងយប់ ខណៈ    បណ្តាលោកខាងលិចប្រើវាជាចម្បងក្នុងវិស័យការពារជាតិ សូម្បីតែថ្មីៗនេះអាល្លឺម៉ង់ក៏បានផ្តល់វាទៅឲ្យ ប៉ូឡូញដែរក្រោយមានហេតុការណ៍ធ្លាក់មីស៊ីលរុស្ស៊ីលើដីប៉ូឡូញស្លាប់មនុស្ស២នាក់៕

ប្រភព៖ DailyMail

ប្រភពរូប៖DailyMail
ប្រែសម្រួល៖សុខ តុលា