សន្ដិសុខសង្គម

ជួបជុំផឹកស៊ីទាស់សម្តី ក្មួយទាញកាំបិតកាប់អ៊ំ៣កាំបិតរងរបួសធ្ងន់

ពោធិ៍សាត់៖កម្មវិធីជួបជុំផឹកស៊ីមួយដោយមានបងថ្លៃ-ឪពុកធំនិងមនុស្សមួយចំនួនទៀតខណៈក្មួយបានទាស់សម្តីជាមួយអ៊ំប្រុសបង្កើត ក៏ទាញកាំបិតកាប់អ៊ំ៣កាំបិតឱ្យរងរបួសធ្ងន់។

អំពើហិង្សារហូតបង្ករបួសស្នាមធ្ងន់ធ្ងរនោះ បានកើតឡើងស្ថិតនៅភូមិសំរោង ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឆន សៅ អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ចំណែកជនរងគ្រោះជាឪពុកធំឈ្មោះ ភេ រំ  អាយុ៦០ឆ្នាំ នៅភូមិ ឃុំជាមួយគ្នារងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

មុនកើតហេតុ ជនសង្ស័យ-បងថ្លៃឈ្មោះវ៉ាន់ ធី, អ៊ំប្រុសឈ្មោះភេ រំ និងមានមនុស្សមួយចំនួនទៀតបានជួបជុំគ្នាផឹកស៊ីក្នុងកម្មវិធីតូចមួយ។ក្រោយមកជនសង្ស័យជាក្មួយបានទាស់សម្តីជាមួយអ៊ំប្រុសបង្កើតរហូតទាញកាំបិតកាប់ឪពុកធំចំនួន៣កាំបិតចំក្បាល២កាំបិតនិងចំកដៃឆ្វេង១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកណ្តោលចុះចាប់ជនបង្កឈ្មោះ ឆន សៅ យកទៅសួរនាំនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ