អន្តរជាតិ

ចិនព្រមានអាម៉េរិកកុំលូកដៃក្នុងទំនាក់ទំនងខ្លួនជាមួយប្រទេសឥណ្ឌា

រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានសហរដ្ឋអាម៉េរិកកុំឲ្យលូកដៃចូលក្នុងទំនាក់ទំនង របស់ខ្លួន ជាមួយឥណ្ឌា ជៀសវាងមានការប៉ះទង្គិចគ្នានៅតាមព្រំដែនចិន-ឥណ្ឌាដូចកាលឆ្នាំ ២០២០។

ដោយយោងតាមមន្ទីរបញ្ចកោណ បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីម្សិលមិញ ថ្ងៃអង្គារទី២៩ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនោះប្រទេសចិនបានព្រមានសហរដ្ឋអាម៉េរិកកុំឱ្យ ជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌាឲ្យសោះ បន្ទាប់ពីមានដំណឹងថា អាម៉េរិកនឹងចូលរួមធ្វើសមយុទ្ធរួមគ្នាជាមួយឥណ្ឌានៅខែនេះ នៅតាមព្រំដែននៅមិនឆ្ងាយប៉ុន្មានពី ព្រំដែនចិន ក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា។

ក្រោយគ្នាបន្តិច ​អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានលើកឡើងម្តងទៀត នៅក្នុងសន្និសីទថ្ងៃពុធថា “សមយុទ្ធអាម៉េរិកនេះនឹងមិនអំណោយផលដល់ការជឿទុកចិត្តគ្នា រវាងឥណ្ឌានិងចិន”។

គួរជម្រាបថា ទំនាក់ទំនងរវាងឥណ្ឌានិងចិន បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការប៉ះទង្គិចគ្នានៅតាម ព្រំដែនដ៏អាក្រក់បំផុតរវាងពួកគេក្នុងរយៈពេល ៤៥ ឆ្នាំ ដោយបានសម្លាប់ទាហានឥណ្ឌា២០នាក់ និងចិន ៤នាក់។ ការដាក់ពង្រាយកងទ័ពនៅតែមានកម្រិតខ្ពស់នៅតាមព្រំដែនជួរភ្នំហិមាល័យ របស់ពួកគេ ចាប់តាំងពីពេលនោះមក ទោះបីថ្មីៗនេះភាពតានតឹងហាក់ថយចុះគួរឲ្យកត់សម្គាល់ក្តី៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា