អន្តរជាតិ

កូរ៉េខាងត្បូងបញ្ជូនយន្តហោះចម្បាំងបណ្តេញយន្តហោះចិននិងរុស្ស៊ីចេញពីដែនអាកាស

ប្រែសម្រួល៖សហការី

រ៉យទ័ររាយការណ៏ពីសេអ៊ូលថា កងយោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងទៅបណ្តេញយន្តហោះចម្បាំងចិន ២គ្រឿង និងរុស្ស៊ី ៦គ្រឿង ដោយសារពួកគេបានចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃពុធ។

អគ្គសេនាធិការចម្រុះរបស់កងទ័ពទីក្រុងសេអ៊ូល (JCS) បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក H-៦ របស់ចិនពីរគ្រឿងបានចូលម្តងហើយម្តងទៀត និងបានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង (KADIZ) ដោយហោះចេញពីឆ្នេរសមុទ្រភាគខាងត្បូង និងភាគឦសានរបស់កូរ៉េខាងត្បូង ដោយបានចាប់ផ្តើមឡើងនៅវេលាម៉ោងប្រហែល ៥:៥០ ព្រឹក (២០៥០ GMT ក្នុងថ្ងៃអង្គារ) ។

ពួកគេបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណប៉ុន្មានម៉ោងក្រោយចេញពីសមុទ្រជប៉ុនដែលគេស្គាល់ថាជាសមុទ្រខាងកើត នៅកូរ៉េខាងត្បូង ហើយអមតំណើរដោយយន្តហោះចម្បាំងរុស្ស៊ី រួមទាំងយន្តហោះទម្លាក់គ្រាប់បែក TU-៩៥ និងយន្តហោះចម្បាំង SU-៣៥ ហើយក៏បានហោះចេញបន្ទាប់ពី ១៨ នាទីនៅក្នុង KADIZ  JCS បានថ្លែងដូច្នេះ។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធារបស់យើងបានបញ្ជូនយន្តហោះចម្បាំងរបស់កងទ័ពអាកាសមុនការចូលមកដល់របស់យន្តហោះចិន និងរុស្ស៊ីនៃ KADIZ ដើម្បីអនុវត្តវិធានការយុទ្ធសាស្ត្រក្នុងការការពារសម្រាប់ភាពអាសន្នដែលអាចកើតមានឡើងជាយថាហេតុ” ។

យន្តហោះទាំងនោះមិនបានបំពានដែនអាកាសរបស់កូរ៉េខាងត្បូងទេ។

តំបន់ការពារដែនអាកាស គឺជាតំបន់មួយដែលប្រទេសនានាទាមទារឲ្យយន្តហោះបរទេសអនុវត្តវិធានការដ៏ពិសេសដើម្បីកំណត់អត្តសញ្ញាណរបស់ខ្លួន។ មិនដូចដែនអាកាសរបស់ប្រទេសមួយ គឺដែនអាកាសនៅលើទឹកដីរបស់ខ្លួន និងដែនទឹកក្នុងបូរណភាពទឹកដីរបស់ខ្លួន  ហើយក៏មិនមានច្បាប់អន្តរជាតិសម្រាប់គ្រប់គ្រងតំបន់ការពារដែនអាកាសនោះដែរ។

ទីក្រុងមូស្គូមិនទទួលស្គាល់តំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូងនោះទេ។ ក្រុងប៉េកាំងបាននិយាយថា តំបន់នេះមិនមែនជាដែនអាកាសរបស់ដែនដីកូរ៉េខាងត្បូងនោះទេ ហើយប្រទេសទាំងអស់គួរមានសេរីភាពក្នុងការធ្វើដំណើរទៅទីនោះ។

ក្រសួងការពារជាតិរបស់ទីក្រុងតូក្យូបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុនក៏បានបណ្តេញយន្តហោះចម្បាំងចេញពីដែនអាកាសរបស់ខ្លួនផងដែរ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែករបស់ចិនបានហោះចេញពីសមុទ្រចិនខាងកើតចូលទៅក្នុងសមុទ្រជប៉ុន ដែលជាកន្លែងពួកគេត្រូវបានចូលរួមដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីពីរគ្រឿង។

ចិន និងរុស្ស៊ី ធ្លាប់បាននិយាយថា យន្តហោះចម្បាំងរបស់ពួកគេកំពុងធ្វើសមយុទ្ធរួមជាប្រចាំ។

កាលពីខែសីហា JCS បានរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ីបានចូលក្នុងតំបន់ KADIZ បីខែបន្ទាប់ពីយន្តហោះចិន និងរុស្ស៊ីបានលុកលុយក្នុងខែឧសភា ដែលជាលើកទីមួយបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ចូលកាន់តំណែង។

ក្នុងឆ្នាំ ២០១៩ យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូងបានបាញ់ព្រមានរាប់រយគ្រាប់ទៅលើយន្តហោះយោធារុស្ស៊ីនៅពេលដែលពួកគេបានចូលទៅក្នុង KADIZ នៅអំឡុងពេលល្បាតតាមអាកាសរួមគ្នាជាមួយប្រទេសចិន៕