សន្ដិសុខសង្គម

ពលរដ្ឋដេញចាប់បានជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ករណីឆក់ខ្សែក

ភ្នំពេញ​៖​អ្នកដំណើរបានជួយដេញចាប់ជនសង្ស័យម្នាក់ចំណោម៣នាក់ករណី​ឆក់ខ្សែកពីស្ត្រី កំពុងជិះម៉ូតូតាមផ្លូវរួចយកប្រគល់ឱ្យសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ុក រតនា ហៅវាសនា អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។២នាក់ទៀតបានរត់គេចខ្លួន។ចំណែកជនរងគ្រោះឈ្មោះអៀន ផល្លី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិ សង្កាត់ខាងលើ ។

មុនកើតហេតុ ស្ត្រីរូបនោះជិះម៉ូតូចេញពីផ្ទះទៅផ្សាររកទិញម្ហូប។ចេញបានបន្តិចស្រាប់តែជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង​ម៉ាកហុងដាឌ្រីម​និងម៉ាកស្គូពី ផ្លាកលេខភ្នំពេញ1JJ 0540 ។ ពេលនោះជនសង្ស័យជិះម៉ូតូម្នាក់ឯងក៏ឆក់យក​ខ្សែកតែជនរងគ្រោះដឹងខ្លួនមុនចាប់បានតែខ្សែ រីឯបន្តោងត្រូវជនសង្ស័យយកទៅបាត់។

ភ្លាមនោះជនរងគ្រោះបានស្រែកឡើងបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនាំគ្នាដេញចាប់បានម្នាក់ជាមួយម៉ូតូម៉ាកហុងដា។ចំណែក២នាក់ទៀតជិះម៉ូតូស្គូពីបើករត់គេចខ្លួនបាត់។ក្រោយចាប់ខ្លួនប្រជាពលរដ្ឋនាំជនសង្ស័យយកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ