អន្តរជាតិ

អតីតប្រេសិតអាម៉េរិកប្រចាំអង្គការណាតូ៖ អាម៉េរិកនិងណាតូកំពុងបរាជ័យលើអ៊ុយក្រែន

អតីតប្រេសិតអាម៉េរិកប្រចាំនៅអង្គការណាតូ លោក Robert Hunter បាននិយាយថា សហរដ្ឋអាម៉េរិកនិងណាតូឥឡូវនេះ​កំពុងបរាជ័យលើការជ្រោមជ្រែងប្រទេសអ៊ុយ   ក្រែនហើយ។

ថ្លែងប្រាប់ទៅកាន់អ្នកកាសែតអាល់ចាហ្សេរ៉ា កាលពីថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ពីរដ្ឋធានី Washington  លោក Robert Hunter បានកត់សម្គាល់ឃើញថា គោលជំហរ​អាម៉េរិក​និងណាតូគឺនៅមានកម្រិត ពោលគឺបរាជ័យតែម្តងក្នុងការថែរក្សាប្រទេស​អ៊ុយក្រែន។ “វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលសម្ព័ន្ធភាពដែលដឹកនាំដោយ សហរដ្ឋអាម៉េរិកមិនបានធ្វើច្រើនជាងនេះរហូតមកដល់ពេលនេះទាក់ទងនឹងការការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក និងប្រឆាំងមីស៊ីលរុស្ស៊ី”។ លោកបន្តថា បើអាម៉េរិកនៅតែបន្តយុទ្ធសាស្រ្តបែបនេះលើអ៊ុយក្រែន ហើយទោះអ៊ុយក្រែនខំប្រយុទ្ធ​ដោយស្មារតីជាតិនិយមខ្ពស់ប៉ុនណាក៏ដោយ រុស្ស៊ីក៏នៅតែបន្តកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលដដែលៗ ខូចខាតកាន់តែធ្ងន់ធ្ងរទៅៗ។

ជាការអំពាវនាវទៅកាន់ភាគីពាក់ព័ន្ធ អតីតប្រេសិតរូបនេះបានជំរុញឲ្យមានការ​យកចិត្តទុកដាក់បន្ថែមទៀតលើអ៊ុយក្រែន ចាត់វិធានការបន្ទាន់ និងលឿនជាងមុន ផ្តោតចម្បងលើមីស៊ីលរុស្ស៊ីដែលបាញ់តាមអាកាស ធ្វើឲ្យរឹងមាំនូវខែលអាកាស ជាជាងនាំគ្នាបញ្ជូនជំនួយផ្នែកជួសជុល និងសាងសង់៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា