សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវជនជាតិអង់គ្លេសម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួល

បាត់ដំបង៖សមត្ថកិច្ចកំពុងស្រាវជ្រាវករណីបុរសជនជាតិអង់គ្លេសម្នាក់ស្លាប់ក្នុងបន្ទប់​ផ្ទះជួល នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា។

អ្នកស្រី វ៉ាន់ កញ្ចនា អាយុ ៣៩ឆ្នាំ មានសញ្ជាតិខ្មែរ ត្រូវជាប្រពន្ធអ្នកស្លាប់បានឱ្យដឹងថា ប្តីរបស់គាត់ឈ្មោះ Stock Jonathan អាយុ ៣៤ឆ្នាំ ជាជនជាតិអង់គ្លេស បានរៀបការជិត​១០ឆ្នាំមកហើយ។ចុងក្រោយនេះបានមករស់នៅក្នុងផ្ទះជួលកន្លែងកើតហេតុ ដោយជនរងគ្រោះមានជំងឺប្រចាំកាយ។ថ្មីៗនេះគាត់តែងតែនិយាយថា មិនសូវស្រួលខ្លួន​និងដេកមិនលក់ ពិបាកដេក។

អ្នកស្រីបន្តថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានក្រោកពីដំណេកមុនប្តីដើម្បី​ការងារចង្ក្រានឆ្នាំង​នៅខាងក្រៅផ្ទះ។ប៉ុន្តែរហូតដល់ម៉ោងជិត៩ ទើបគាត់ចូលទៅក្នុងបន្ទប់វិញ ហើយបាន​ដាស់ប្តីក៏ស្រាប់តែឃើញអាការប្តីថប់ដង្ហើមដង្ហក់ខ្លាំងៗ ក្រោយមកក៏ដាច់ខ្យល់ស្លាប់​តែម្តង។

ជុំវិញករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានបឋមថា មូលហេតុជនរងគ្រោះអាចស្លាប់មកពី​គាំងបេះដូង។ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះបន្តទៀត៕ដោយ: ព្រះអង្គខ្មៅ