សន្ដិសុខសង្គម

រៀបចំសំណុំរឿងនិងបញ្ជូនជនសង្ស័យវាយមនុស្សឱ្យស្លាប់ទៅតុលាការ

កណ្ដាល៖បន្ទាប់មានអំពើហិង្សាដោយយកដុំឥដ្ឋវាយគូទំនាស់រហូតមានមនុស្សស្លាប់ ត្រូវបានសមត្ថកិច្ចចុះចាប់ជនសង្ស័យម្នាក់យកទៅសាកសួរ។ករណីឃាតកម្មនោះនៅភូមិ​ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះប៉ែន វិបុល អាយុ២២ឆ្នាំ នៅភូមិ ឃុំខាងលើ ធ្លាប់ជាប់គុកខេត្តតាកែវរយៈពេល៣ឆ្នាំពីបទលួចម៉ូតូ។ចំណែកបុរសដែលស្លាប់ឈ្មោះយ៉ន យ៉ាត អាយុ៥២ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា។វត្ថុតាងមានឥដ្ឋប្រហោងចំនួន៤ដុំ។

មុនកើតហេតុ ជនសង្ស័យបានដើរទៅទិញតែក្រូចឆ្មារនៅជិតផ្ទះជនរងគ្រោះ។ពេលនោះជនរងគ្រោះស្រវឹងស្រាបានរករឿង ហើយស្ទុះទៅច្របាច់កជនសង្ស័យ។រីឯជនសង្ស័យបានយកឥដ្ឋប្រហោងវ៉ៃទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ក៏បានស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ។

ក្រោយមានហេតុការណ៍កើតឡើងភ្លាម កម្លាំងនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍​រដ្ឋបាល​ស្អាងភ្នំ បានចុះចាប់ជនសង្ស័យយកមកសាកសួរ ហើយបានរៀបចំសំណុំរឿងនិងបញ្ជូន​ទៅតុលាការ៕ដោយ៖វិចិត្រ