អន្តរជាតិ

មន្រ្តីអាម៉េរិកជាន់ខ្ពស់រាយការណ៍ថា រុស្ស៊ីនិងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាខ្លាំងណាស់នៅខេត្តដូណេត

មន្រ្តីយោធាអាម៉េរិកជាន់ខ្ពស់មួយរូប បានរាយការណ៍ប្រាប់ថា ទាហានរុស្ស៊ីនិងអ៊ុយក្រែន​កំពុងប្រយុទ្ធគ្នាខ្លាំងណាស់នៅខេត្តដូណេតភាគខាងកើត ខណៈខាងអ៊ុយក្រែនបានត្រឹមតែ​ទប់ទល់ប៉ុណ្ណោះ។

យោងតាមបណ្តាញអាល់ចាហ្សេរ៉ា មន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកម្នាក់ក្នុងលក្ខខណ្​ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ប្រាប់កាលពីថ្ងៃអង្គារថា តំបន់សមរភូមិ​ខ្លាំងជាងគេពេលនេះរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺស្ថិតក្នុងខេត្តដូណេត លាតសន្ធឹងពីលើ​ខេត្តលូហាន់ភាគខាងកើតប្រទេសអ៊ុយក្រែន។ កន្លែងផ្ទុះការបាញ់ដែលទាហានអ៊ុយក្រែន​ពិបាកវាយទម្លុះខ្សែការពាររុស្ស៊ីគឺស្ថិតនៅលើផ្លូវហាយវេ P66 ឆ្ពោះទៅកាន់ភាគខាងត្បូង​ខេត្ត Severodonetsk។  កងកម្លាំងអ៊ុយក្រែនមិនមានការជឿនលឿនណាមួយនោះទេ បានត្រឹមតែទប់ទល់រុស្ស៊ី មានន័យថា អ៊ុយក្រែនមិនអាចវាយទម្លុះខ្សែប្រយុទ្ធរុស្ស៊ីរំដោះ​បានទីតាំងឈរជើងថ្មីរបស់ខ្លួនមកវិញទេ។

យ៉ាងណាក៏ដោយ ជុំវិញដំណឹងនេះ មន្រ្តីខាងលើមិនមែនចង់មានន័យថាអ៊ុយក្រែន​កំពុងចាញ់ប្រៀបរុស្ស៊ីនោះទេ។ មិនមានការអះអាងឆ្លើយតបពីរុស្ស៊ីឡើយ​ចំពោះព័ត៌មាននេះ។ របាយការណ៍ក្រសួងការពារជាតិរុស្ស៊ីប្រចាំថ្ងៃ បានរាយការណ៍​ជាហូរហែថាបានសម្លាប់ទាហានអ៊ុយក្រែន និងកម្ទេចគ្រឿងចក្រជាច្រើនគ្រឿង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា