សន្ដិសុខសង្គម

ក្មេងប្រុសស្រី៤​នាក់​ចុះ​រាវ​លៀសក្នុងទឹករណ្តៅដី​លង់ស្លាប់ទាំងអស់

កណ្ដាល៖ក្មេងប្រុសស្រីចំនួន៤នាក់ បាននាំគ្នាចុះរាវលៀសក្នុងទឹករណ្តៅដីមួយកន្លែង​បណ្តាលឱ្យលង់ស្លាប់ទាំងអស់ គួរឱ្យអាណោចអាធ័មជាទីបំផុត។ហេតុការណ៍បង្កឱ្យ​មានការសោកសង្រេង​​នេះ​បាន​កើតឡើង​នៅម្តុំ​វាលស្រែ ​ភូមិ​ព្រៃ​សំរោង ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា។​

ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ក្រុម​ក្មេង​ៗ​ប្រុស​ស្រី​ចំនួន​៤​នាក់បាន​នាំ​គ្នា​ចុះ​រាវ​លៀស​និង​ងូតទឹក​លេង​​ក្នុង​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង​ជម្រៅ​ប្រមាណ​៤​ទៅ​៥​ម៉ែត្រ។តែពួកគេបាន​លង់ទឹក​ស្លាប់​ទាំងអស់​គ្នាគួរឱ្យអាសូរជាពន់ពេក​​។

ក្មេង​ៗ​ដែល​ស្លាប់​​-មានឈ្មោះ នី ស្រី​ណា​ក់​ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ឈ្មោះនី ស្រីណា អាយុ​១៣​ឆ្នាំ ពីរនាក់នេះជា​បងប្អូន​ភ្លោះ​-​ឈ្មោះ​ថា​ន គី​មយ៉ាង ភេទប្រុស អាយុ​១១​ឆ្នាំ​ និង​ឈ្មោះ​ថា​ន ថា​នុ​ក ភេទប្រុស អាយុ​៩​ឆ្នាំ ពីរនាក់នេះជា​បងប្អូន​បង្កើត​ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អម្ពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ក្រោយកើតហេតុ កម្លាំងអាជ្ញាធរ នគរបាល អាវុធហត្ថ ទ័ពពិសេសឆត្រយោង៩១១ ប្រើឧបករណ៍មុជទឹកបានចុះទៅអន្តរាគមន៍រាវរករហូតដល់ម៉ោងជាង១១យប់ថ្ងៃដដែលទើបរកឃើញសព៕ដោយ៖វិចិត្រ