សន្ដិសុខសង្គម

ស្គាល់តាមទូរសព្ទនិងស្រឡាញ់គ្នាជាង១ឆ្នាំ ខាងប្រុសបោកយកម៉ូតូទៅបាត់

ភ្នំពេញ៖គូសង្សារបានស្គាល់តាមទូរសព្ទនិងស្រឡាញ់គ្នាជាង១ឆ្នាំ ខាងប្រុសនាំចូលផ្សារ​ទិញខោអាវបញ្ឆោតឱ្យនាងអង្គុយចាំក៏យកម៉ូតូខាងស្រីម៉ាកហុងដាឌ្រីមជិះចេញទៅបាត់។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅផ្សារឯករាជ្យ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។

នគរបាលប៉ុស្តិ៍ចោមចៅទី១ បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះឡុង ថុនា អាយុ២៧ឆ្នាំ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ចំណែកជនសង្ស័យមិនស្គាល់សាវតារទេ បានត្រឹមស្គាល់​ឈ្មោះ ម៉ៅ អាយុ២៨ឆ្នាំ ដោយអះអាងថាជាមន្ត្រីនគរបាលនៅស្រុកស្អាង ខេត្តកណ្តាល។

ម៉ូតូដែលជនសង្ស័យបោកយកម៉ាកហុងដាឌ្រីម ឆ្នាំ២០២០ មិនចាំផ្លាកលេខ ព្រោះខ្ចី​ម្តាយមីង​ជិះ។នៅក្រោមកែបម៉ូតូមានទូរសព្ទ OPPO មួយគ្រឿងលុយជាង១០០​ដុល្លារ​និងឯកសារមួយចំនួន។

មុនកើតហេតុ បុរសសង្សារបាននាំនាងចូលផ្សារទិញសម្លៀកបំពាក់។ដល់តូបលក់ខោអាវ​ក៏ឱ្យនាងរង់ចាំមួយភ្លែតព្រោះមេហៅទៅជួប។ដោយទុកចិត្ត នាងក៏ឱ្យទៅ ហើយបុរសនោះ​ក៏ចេញយកម៉ូតូពីកន្លែងផ្ញើជិះទៅបាត់ឈឹង។

នាងចាំបាត់ៗជិត៣ម៉ោងទូរសព្ទខលក៏មិនចូល រហូតដល់រសៀលថ្ងៃដដែលនាង​សម្រេចចិត្ត​ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ឱ្យជួយស្រាវជ្រាវ​ជុំវិញករណីឆបោកខាងលើនេះ៕ដោយ៖វិចិត្រ