អន្តរជាតិ

ភរិយាមេដឹកនាំអ៊ុយក្រែនថ្កោលទោសទាហានរុស្ស៊ីលើអំពើហិង្សាផ្លូវភេទជាប្រព័ន្ធ

ភរិយារបស់លោកហ្សេឡិនស្គី មេដឹកនាំអ៊ុយក្រែន នៅដើមសប្តាហ៍នេះបានប្រកាសថ្កោល​ទោស​ទាហានរុស្ស៊ីជាសាធារណៈលើអំពើហិង្សាផ្លូវភេទជាប្រព័ន្ធដាក់ប្រជាជនស្លូតត្រង់​អ៊ុយក្រែន។

លោកស្រី Olena Zelenska ដែលស្គាល់ថាជាស្រ្តីទីមួយ និងជាភរិយារបស់លោក​ហ្សេឡិនស្គី បាននិយាយនៅក្នុងសន្និសីទអន្តរជាតិស្តីពីការការពារអំពើហិង្សាផ្លូវភេទ នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទទី២៨វិច្ឆិកាថា ទាហានរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះ​ការរំលោភបំពានរាងកាយលើស្ត្រីអ៊ុយក្រែន និងប្រព្រឹត្តអំពើហិង្សាផ្លូវភេទផ្សេងទៀត​ក្នុងអំឡុងពេលសង្គ្រាមនៅអ៊ុយក្រែន។ លោកស្រីបានលើកឡើងនូវភ័ស្តុតាងខ្សែអាត់​របស់ក្រុមទាហានរុស្ស៊ី ខណៈពេលដែលនិយាយតាមទូរសព្ទអំពីសកម្មភាព​ស្មោគគ្រោកនេះ​ទៅកាន់ក្រុមគ្រួសារសាច់ញាតិរបស់ពួកគេ។

ការថ្កោលទោសបាននិយាយថា “អំពើ​ហិង្សា​ផ្លូវ​ភេទ​គឺ​ជា​វិធី​ដ៏​សាហាវ​បំផុត និង​ជាអំពើ​សត្វ​និយម​បំផុត​ ដែល​បញ្ជាក់​ពី​ភាព​ជិះជាន់​លើ​នរណា​ម្នាក់”។ “ហើយ​សម្រាប់​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​បែប​នេះ វា​ពិបាក​ក្នុង​ការ​ផ្តល់​សក្ខីកម្ម រកយុត្តិធម៌ឲ្យខ្លាំងណាស់ ពិសេស​ក្នុង​សម័យ​សង្គ្រាមបែបនេះ ​ព្រោះ​ជាធម្មតាគឺគ្មាន​នរណា​ម្នាក់​​សុវត្ថិភាព​រួចទៅហើយ”។ លោកស្រីបានចាត់ទុកអំពើទាំងនេះជាអាវុធថ្មីមួយទៀតរបស់រុស្ស៊ី ក្រៅតែពីការបាញ់ផ្លោង ខណៈរុស្ស៊ីកាន់តែបានចិត្ត និងហ៊ានធ្វើដោយបើកចំហ។

ជុំវិញការចោទប្រកាន់នេះ ក្រសួងការពារជាតិរុស្ស៊ីមិនមានសេចក្តីអត្ថាធិប្បាយ​ឆ្លើយតបនោះទេ។ សំណុំរឿងរំលោភបំពានដដែលៗ ត្រូវបានរាយការណ៍ជាហូរហែនៅ​អ៊ុយក្រែន ដែលបានកើតឡើងទៅលើស្ត្រីអ៊ុយក្រែនជាច្រើននាក់ រាប់ចាប់តាំងពីស្រ្តីវ័យក្មេង រហូតដល់ស្រ្តីអាយុប្រហែល៧០ឆ្នាំ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា