កីឡា

ប្រេស៊ីល និង​ព័រទុយហ្គាល់ មាន​មុខ​​ជាមួយ​បារាំង ក្នុង​វគ្គ​ចាញ់ធ្លាក់ នៅ World Cup

ក្រុម​ម្ចាស់ជើងឯក ៥សម័យកាលប្រេស៊ីល និងក្រុមព័រទុយហ្គាល់របស់កីឡាករ Cristiano Ronaldo បានចូលរួមជាមួយក្រុម​ជម្រើស​ជាតិបារាំង ក្នុងការបាន​ឡើង​ទៅ​វគ្គ​ចាញ់​ធ្លាក់ ក្នុង​ព្រឹត្តិការណ៍ World Cup ជាមួយនឹងការនៅសល់ ១ហ្គេម​ទៀត នៅថ្ងៃដ៏​​តាន​តឹង​នៃ​ការ​ប្រកួត​គ្នា ក្នុងប្រទេសកាតា កាលពីថ្ងៃចន្ទ។

ការប្រកួតរបស់ក្រុមព័រទុយហ្គាល់ទល់នឹងក្រុមអ៊ុយរូហ្គាយ ដែលពួកគេបានឈ្នះ ក្នុងលទ្ធផល ២-០ ត្រូវបានរំខានមួយភ្លែត ដោយសារមាន​​អ្នកចូល​លុក​លុយ​ទីលាន ដែល​មាន​​កាន់ទង់ឥន្ទធនូ និងពាក់សារគាំទ្រដល់ប្រទេស​អ៊ុយក្រែនដែលហែក​ហួរ​ដោយ​សង្គា្រម និងស្ត្រី​អ៊ីរ៉ង់។

ខ្សែបម្រើ Bruno Fernandes របស់ក្លិប Manchester United មាន​គុណសម្បត្តិ​យ៉ាង​ធំធេង ​សម្រាប់​ក្រុមព័រទុយហ្គាល់ ដោយធ្វើបាន​សម្រេច ១គ្រាប់ នៅ​ដើម​វគ្គ​ទី ១ ជាមួយការ ស៊ុតបាល់បញ្ចូលទី ដោយ​ការ​លើកបាល់​​ចូល​តំបន់​គ្រោះថ្នាក់ (ស្ទើរស៊ុត​ស្ទើរ​បញ្ជូន) មុនពេលទម្លុះ​សំណាញ់​ទី ១គ្រាប់​ទៀត ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី ក្នុង​ម៉ោង​បន្ថែម​មាន​របួស។

កីឡាករ Ronaldo បាន​ធ្វើ​ការ​អបអរ​ ចំពោះ​​គ្រាប់​បាល់​ទី ១ ដោយគិត​ថា ជា​ការ​តែត​បញ្ជូល​ទី​របស់​ខ្លួន ប៉ុន្តែ FIFA (សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ) បាន​សម្រេច​ថា រូប​គេ​​មិន​បាន​ប៉ះ​បាល់នោះ​ទេ ដោយនេះ​បាន​​បដិសេធ​​គ្រាប់​បាល់ទី​៩ នៅ World Cup ដែលនឹង​​ជា​ចំនួន​​ធ្វើ​ឱ្យ​រូប​​គេស្មើ​នឹង​កម្រិត​របស់​អតីត​វីរបុរស​របស់​ក្រុម​ព័រទុយហ្គាល់ លោក Eusebio។

ក្រុម​ព័រទុយហ្គាល់ឈរលើគេក្នុងពូល H ដោយមាន ៦ពិន្ទុ ក្រោយ​បញ្ចប់​ការប្រកួត ២លើក ពោល​គឺ​នាំមុខ ៣ពិន្ទុ​លើ​ក្រុម​ហ្គាណា  ដែលបានយក​ឈ្នះ​ក្រុមកូរ៉េខាងត្បូងរបស់ Son Heung-min ៣-២។ ក្រុមរបស់​អាស៊ី និងក្រុមអ៊ុយរូហ្គាយ មាន ១ពិន្ទុស្មើគ្នា មុន​ឆ្ពោះ​ទៅប្រកួតចុងក្រោយក្នុងពូលនៅថ្ងៃសុក្រនេះ​។

ក្រុម​ព័រទុយហ្គាល់បានកក់កៅអី​របស់ពួកគេ ក្នុងវគ្គចាញ់ធ្លាក់ នៅ​កាតាប៉ុន្មានម៉ោង បន្ទាប់ពីក្រុមប្រេស៊ីល បានឡើង​ទៅ​មុន ជាមួយ​នឹង​គ្រាប់បាល់ចុង​ម៉ោង​ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែបម្រើ Casemiro របស់ក្រុម​បិសាចក្រហម Manchester United។ កីឡាករវ័យ ៣០​ឆ្នាំ អាច​បំប៉ោង​សំណាញ់​ទី​បាននៅនាទីទី​៨៣ នៃការប្រកួត ក្នុងពូល G របស់ក្រុម​ប្រេស៊ីល ទល់​នឹង​ក្រុមស្វីស ដើម្បីឱ្យ​ក្រុមទៅ​ពី​តំបន់​អាម៉េរិក​ឡាទីន (អាម៉េរិក​ខាង​ត្បូង) ឈ្នះ ១-០ នៅកីឡដ្ឋាន 974។

ក្រុមប្រេស៊ីល ឈរ​ជា​ប្រធាន​ពូល G ដោយ​មាន ៦ពិន្ទុ ខណៈ​ក្រុមលេខ ២ ​ស្វីស មាន ៣ពិន្ទុ។ ចំណែក​ក្រុម​កាមេរូន និង​ស៊ែប៊ី មាន ១ពិន្ទុ​ដូច​គ្នា​ ក្រោយ​ប្រកួត​ស្មើ​គ្នា ៣-៣៕