អន្តរជាតិ

ប្រធានឃ្លាំមើលអាវុធអន្តរជាតិ៖ សង្រ្គាមនៅអ៊ុយក្រែនកំពុងឈានទៅរកហានិភ័យអាវុធប្រល័យលោក

ប្រធានអ្នកឃ្លាំមើលអាវុធជាតិពុលអន្តរជាតិបានវាយតម្លៃថា សង្រ្គាមរុស្ស៊ីនៅអ៊ុយ  ក្រែនកំពុងខិតជិតទៅរកហានិភ័យនៃការប្រើប្រាស់អាវុធប្រល័យលោក  និងគ្រាប់បែក​គីមីហើយ។

លោក Fernando Arias ជាប្រធាននៃអង្គការសម្រាប់ការហាមឃាត់អាវុធគីមីអន្តរជាតិ បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់និយតករនាទីក្រុងឡាអេយ៉ាងដូច្នេះថា “ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្ន តាមការឃ្លាំមើលយ៉ាងដិតដល់ និងជាប់លាប់មកនេះ ភ្នាក់ងារបានកត់សម្គាល់ថា មានការកើនឡើងនៃការគំរាមកំហែង​ពិតប្រាកដនៃអាវុធប្រល័យលោក រួមទាំងអាវុធគីមី”។ “វាបានធ្វើឱ្យមានភាព​តានតឹងកាន់តែធ្ងន់ធ្ងរដល់ចំណុចមួយ ដែលសូម្បីតែការរួបរួមរបស់អង្គការក៏មិនអាច​ធ្វើបានដែរ”។ Arias បានព្រមានថា ស្ថាប័នរំសាយអាវុធអន្តរជាតិរបស់លោក “ឥឡូវនេះបានប្រែក្លាយជាកន្លែងនៃការប្រឈមមុខដាក់គ្នា និងការខ្វែងគំនិតគ្នា”។

ថ្វីបើបែបនេះ លោកប្រធាន Arias មិនបានចង្អុលបង្ហាញពីនរណាម្នាក់ដែលគ្រោង​នឹងប្រើអាវុធគីមីនៅអ៊ុយក្រែនឡើយ ខណៈរបាយការណ៍ចុងក្រោយនេះ អ៊ុយក្រែនហាក់ដូចជាទទួលបានការវិវឌ្ឍខ្ពស់ រំដោះបានចំណុចយុទ្ធសាស្រ្តជាច្រើនពីរុស្ស៊ី ប៉ុន្តែអ៊ុយក្រែនក៏កំពុងរងការវាយប្រហារយ៉ាងដំណំ ខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធថាមពល​ទ្រង់ទ្រាយធំ។ យោងតាមកាសែតជាតិអ៊ុយក្រែន PRAVDA ការប្រយុទ្ធគ្នានៅតែបន្ត​នៅខេត្តភាគខាងកើត គឺដូណេត៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា