គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងលោក Paulo Bento បាននិយាយថា ក្រុមនឹងឃើញភាពខុសប្លែករបស់កីឡាករ Son Heung-min ក្នុងជំនួបនឹងក្រុមហ្គាណា នៅថ្ងៃចន្ទនេះ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានប្រើរបាំងការពារមុខ អំឡុងការប្រកួតបើកឆាក ក្នុងព្រឹត្តិការណ៍ World Cup របស់ពួកគេ។
កីឡាករ Son បានពាក់របាំងការពារមុខ ពេលក្រុមរបស់គេ ស្មើ ០-០ ជាមួយក្រុមអ៊ុយរូហ្គាយក្នុងហ្គេម នៅពូល H បន្ទាប់ពីធ្វើការវះកាត់ ដើម្បីព្យាបាលឆ្អឹងបាក់ជុំវិញរង្វង់ភ្នែកខាងឆ្វេងរបស់គេ ដែលកើតឡើង កាលពីដើមខែនេះ អំឡុងពេលលេងឱ្យក្រុម Tottenham។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Bento បាននិយាយថា គាត់មិនបារម្ភអំពីកង្វះខាតក្រុម ក្នុងការប្រកួតដំបូង នៅមុនហ្គេមទី២ របស់ពួកគេ នៅប្រទេសកាតានេះទេ។
គាត់បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «វាជារឿងធម្មតាទាំងស្រុងក្នុងការប្រឈមមុខនឹងបញ្ហាមួយចំនួន អំឡុងការប្រកួតដំបូង។ Son មានការបារម្ភ។ ររូបគេទើបមានរបួស ហើយក៏ត្រូវសម្របខ្លួនដែរ ដោយព្យាយាមធ្វើឱ្យសមនឹងរបាំងការពារមុខ»។
«ជាដំបូង រូបគេត្រូវមានអារម្មណ៍ស្រួលធម្មតាជាមួយមិត្តរួមក្រុមរបស់គេ ហើយបន្ទាប់មកជាមួយគូប្រកួត។ ការប្រកួតទី២ នឹងមានភាពខុសប្លែកគ្នាជាមិនខាន។ រូបគេអាចលេងបានពេញ ៩០នាទី ហើយក្នុងនាមជាក្រុម យើងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យយើងអាចទាញយកអត្ថប្រយោជន៍ពីទេពកោសល្យរបស់គេបាន»។ លោក Beto បានបន្ថែម។
សម្រាប់ពូល H នេះ ក្រុមព័រទុយហ្គាល់ ឈរលើគេ ក្នុងពូល ដោយមាន ៣ពិន្ទុ ខណៈក្រុមកូរ៉េខាងត្បូង និងអ៊ុយរូហ្គាយ មាន ១ពិន្ទុដូចគ្នា ហើយក្រុមហ្គាណា នៅបាតពូល មានសូន្យពិន្ទុ៕