អន្តរជាតិ

លោកស្រីសៃអ៊ីងវិន ប្តេជ្ញាដណ្តើមសំឡេងវិញ ក្រោយចាញ់ការបោះឆ្នោតឃុំសង្កាត់

ប្រធានាធិបតីតៃវ៉ាន់ លោកស្រីសៃអ៊ីងវិន បានប្រកាសប្តេជ្ញាក្រោកឈរដណ្តើមជ័យជម្នះ​មកវិញ ទោះបីជាគណបក្សលោកស្រីបានចាញ់គូប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីចុងសប្តាហ៍ក៏ដោយ។

លោកស្រីសៃ ដែលស្គាល់ថាជាមេដឹកនាំដ៏អង់អាចរបស់កោះតៃវ៉ាន់ ដែលនឹងបន្តកាន់​តំណែងរហូតដល់ឆ្នាំ២០២៤នោះ កាលពីចុងសប្តាហ៍កន្លងទៅនេះគណបក្ស​របស់លោកស្រីហៅថា DPP ស្រាប់តែបានបរាជ័យចាញ់ដៃគូម្ខាងទៀតគឺគណបក្ស Kuomintang ឬ KMT ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងថ្នាក់ក្រុងទាំង ១៣ និង ស្រុកទាំង២១ ដែលរួមមានទាំងទីក្រុងតៃប៉ិផងដែរ។ ជុំវិញការបរាជ័យនេះ លោកស្រីបានស្នើឲ្យមន្រ្តីថ្នាក់ក្រោមនាយករដ្ឋមន្ត្រី Su Tseng-chang ក្តីកុំឲ្យបាក់ស្មារតី និងចាកចេញទៅណា ពោលគឺនៅបន្តរួមគ្នាដើម្បីដណ្តើមជ័យជម្នះមកវិញ។ លោកស្រីមានប្រសាសន៍ថា “DPP មិន​ដែលធ្លាប់​បរាជ័យ​ពី​មុន​នោះ​ទេ។ យើង​មិន​មាន​ពេលត្រូវ​សោកស្ដាយ​ទេ។ យើង​ដួល ប៉ុន្តែ​យើង​នឹង​ក្រោក​ឡើង​វិញ”។ “លទ្ធផលបានបរាជ័យហើយ យើងក៏មិនតវ៉ាអ្វីទាំងអស់ ហើយនឹងទទួលយកនូវការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់”។

ជាមួយគ្នានេះ រដ្ឋាភិបាលចិនទីក្រុងប៉េកាំងបានលើកឡើងថា លទ្ធផលបានបង្ហាញពី មតិសាធារណៈរបស់តៃវ៉ាន់ចម្បងគឺដើម្បីសន្តិភាព ស្ថិរភាព និង“ជីវិតល្អ” ទីក្រុងប៉េកាំងនឹងបន្តធ្វើការជាមួយប្រជាជនតៃវ៉ាន់ដើម្បីលើកកម្ពស់ទំនាក់ទំនងដោយសន្តិភាព ហើយប្រឆាំងនឹងឯករាជ្យភាពតៃវ៉ាន់ និងការជ្រៀតជ្រែកពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើ គណបក្ស Kuomintang នឹងចូលដៃជាមួយចិន តែពួកគេបានបន្ទោសលោកស្រីសៃ ពីការបង្កភាពតានតឹងជាមួយចិនខ្លាំងពេកនារយៈពេលចុងក្រោយនេះ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា