កីឡា

មានកុបកម្ម នៅព្រុចសែល ក្រោយបែលហ្ស៊ិក ចាញ់ម៉ារ៉ុក

ក្រុម​ប៉ូលិសបានប្រើប្រាស់​កាំភ្លើង​បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី​តប​ត បន្ទាប់ពីរងការវាយប្រហារពីអ្នកគាំទ្របាល់ទាត់ ដែលនាំ​គ្នា​បំផ្លិចបំផ្លាញរបស់របរ នៅកណ្តាលក្រុងព្រុចសែល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការ​ប្រកួត ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេសកាតា ដែល​ក្រុម​ជម្រើសជាតិម៉ារ៉ុក យក​ឈ្នះ​ក្រុមបែលហ្ស៊ិក ២-០។

អ្នកគាំទ្ររាប់សិបនាក់ បាននាំ​គ្នា​វាយកម្ទេចហាងនានា បាញ់កាំជ្រួចដៃ​ និងដុត​រថយន្ត។ ប៉ូលិសក្រុងព្រុចសែល បានឱ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សូម្បីតែមុនពេលចប់ការប្រកួត មនុស្សរាប់សិបនាក់ រួមទាំងអ្នក​​ពាក់អាវក្រណាត់មាន​មួកមួយចំនួន បានព្យាយាម​មក​ប្រឈមជាមួយក្រុមប៉ូលិស ដែលនេះ​ធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។

អ្នក​នាំ​ពាក្យ​ម្នាក់ ​បាន​និយាយ​ថា អ្នក​គាំទ្រ​មួយ​ចំនួន ​​ប្រដាប់​ដោយ​ដំបង ហើយ​អ្នក​កាសែត​ម្នាក់ បាន​រង​របួស​មុខ​ដោយ​កាំជ្រួច។ ប៉ូលិស​ប្រហែល​ ១០០​នាក់​ ត្រូវបាន​ប្រមូល​ផ្ដុំ​ ​ខណៈ​អ្នក​រស់​នៅ​ទី​​នោះ ​ត្រូវ​បាន​ព្រមាន​ឱ្យ​ចៀសវាង​តំបន់​ខ្លះ​នៃ​កណ្តាលទី​ក្រុង។ ស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវនានា ត្រូវបានបិទ ដើម្បីទប់​ស្កាត់​ការរាលដាលនៃអំពើហិង្សា។

ងាក​ទៅ​ការ​ប្រកួតឯណោះវិញ ក្រុមបែលហ្ស៊ិក ដែលបាន​ជាប់​ចំណាត់ថ្នាក់លេខ ៣ នៅរុស្ស៊ីកាលពី ៤ឆ្នាំមុន អាចបាន​សិទ្ធិឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ជាមួយនឹងជ័យជម្នះ ប៉ុន្តែជំនួសមកវិញនូវការទម្រង់លេង​ដ៏​យ៉ាប់​មួយផ្សេងទៀត បន្ទាប់ពីឈ្នះការប្រកួតបើកឆាក ដោយ​សំណាងលើក្រុមកាណាដា។

កីឡាករបម្រុង Abdelhamid Sabiri គឺជាវីរបុរស ដោយសារការ​ស៊ុត​ឱ្យ​មាន​គ្រាប់​បាល់​នាំ​មុខ នៅ​នាទីទី៧៣ មុនពេល Zakaria Aboukhlal ដែល​ជា​កីឡាករ​បម្រុង​ដូចគ្នា ជួយ​ធានាជ័យ​ជម្នះឱ្យ​ក្រុម​ម៉ារ៉ុក នៅ​ក្នុង​ម៉ោង​បន្ថែម​មាន​របួស។

ក្រុម​ម៉ារ៉ុក បាន​ឡើង​ទៅ​ជំនួសក្រុម​បែលហ្ស៊ិក ដោយ​ការ​ឈរ​ទី ១ ក្នុង​ពូល F ហើយបាន​ដឹង​ច្បាស់​ថា ពួកគេនឹងមានសិទ្ធិទៅ​វគ្គ​ចាញ់ធ្លាក់​ជាលើក​ដំបូង ចាប់តាំងពីឆ្នាំ១៩៨៦ ប្រសិនបើពួកគេអាចគេចពី​បរាជ័យ ពេល​ប៉ះ​ក្រុម​កាណាដា ក្នុង​ហ្គេម​ចុង​ក្រោយ នៅថ្ងៃព្រហស្បតិ៍៕