សន្ដិសុខសង្គម

ជនសង្ស័យប្លន់យកកាបូបមានសម្ភារ គិតជាលុយជិត៧.០០០ដុល្លារ

ភ្នំពេញ៖ចោរ២នាក់ប្រើកាំភ្លើងខ្លីនិងកាំបិតបានភ្ជង់ប្លន់យកកាបូបដាក់សម្ភារមានតម្លៃគិតជាលុយប្រមាណជិត៧.០០០ដុល្លារពីប្តីប្រពន្ធកំពុងជិះម៉ូតូ ហើយគេចខ្លួនបាត់អស់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ៣០ម៉ែត្រ ម្តុំផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា។

ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ពួកគាត់បានជិះម៉ូតូហុងដាឌ្រីម ផ្លាកលេខកណ្តាល 1M-9509 ចេញពីផ្ទះបងប្អូននៅជិតវត្តអង្គតាម៉ិញ សង្កាត់ចោមចៅទី១ សំដៅទៅផ្ទះវិញនៅផ្សារចម្ការដូង ខណ្ឌដង្កោ។ពេលជិះហួសផ្សារទួលពង្របន្តិច ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមកកៀរ ដកកាំភ្លើងខ្លី-កាំបិតភ្ជង់គំរាម ហើយឆក់យកកាបូបបានសម្រេចរួចគេចខ្លួនបាត់។

សម្ភារក្នុងកាបូបមានលុយ-ខ្សែកមាសនិងខ្សែដៃទម្ងន់មួយតម្លឹងកន្លះ-ទូរសព្ទដៃ២គ្រឿង សរុបអស់ជិត៧.០០០ដុល្លារ។ក្រោយកើតហេតុ ជនរងគ្រោះបានទៅប្តឹងនៅប៉ុស្តិ៍នគរបាល​ដើម្បីឱ្យជួយស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមចោរទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ