ការទទួលជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកគេលើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ២-១ ពិតណាស់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពិភពបាល់ទាត់ ប៉ុន្តែក្រុមជម្រើសជាតិជប៉ុន កំពុងប្រកែកថា វាអាចជាការសរសើរហួសហេតុពេក ដោយនិយាយទៅកាន់អ្នកសារព័ត៌មាន CNA បន្ទាប់ពីការហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ កីឡាកររបស់ក្រុមសាម៉ូរ៉ៃ ជាច្រើនរូប បានរំឭកឡើងវិញថា ការងារ គឺនៅឆ្ងាយពីជោគជ័យណាស់។
ក្រុមជប៉ុន នឹងត្រូវជួបជាមួយកក្រុមកូស្តារីកា នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ហើយជ័យជម្នះ រួមជាមួយនឹងលទ្ធផល ក្រៅតែពីការឈ្នះរបស់ក្រុមអាល្លឺម៉ង់លើអេស្ប៉ាញនោះ អាចធ្វើឱ្យក្រុមរបស់លោក Hajime Moriyasu បន្តដំណើរទៅវគ្គ ១៦ក្រុមចុងក្រោយជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
«ពួកយើងពិតជាមានអារម្មណ៍វិជ្ជមានមែន ប៉ុន្តែយើងមិនទាន់បានធូរស្រាលទាំងស្រុងនោះទេ។ ដោយសារតែយើងនៅតែមិនមានអ្វីទាំងអស់ យើងនៅតែមិនទាន់បានឆ្លងទៅវគ្គបន្តនោះទេ»។ នេះជាសម្ដីរបស់អ្នកចាំទី Daniel Schmidt។
ចំណែកឯខ្សែការពារ Ko Itakura បានបន្ថែមថា៖ «ពិតណាស់យើងមានអារម្មណ៍ល្អ។ ខ្ញុំក៏មានអារម្មណ៍ល្អដែរ ព្រោះយើងបានឈ្នះអាល្លឺម៉ង់។ ខ្ញុំបានដឹងថា អាល្លឺម៉ង់មានគុណភាពខ្ពស់ណាស់ (ដោយមាន) កីឡាករល្អ។ ប៉ុន្តែយើងសម្រេចបាន ហើយខ្ញុំជឿជាក់លើខ្លួនឯង»។
កីឡាករទាំងអស់ ក៏បានសង្កត់ធ្ងន់ថា ពេលនេះពួកគេកំពុងសម្លឹងឆ្ពោះទៅការប្រកួតទល់នឹងក្រុមកូស្តារីកា ជាជាងការជ្រើមជ្រួលនឹងជ័យជម្នះលើក្រុមអាល្លឺម៉ង់។
«យើងរីករាយ តែត្រូវត្រៀមខ្លួនសម្រាប់ហ្គេមបន្ទាប់ ទល់នឹងក្រុមកូស្តារីកា។ ការលេងទល់នឹងក្រុមកូស្តារីកា គឺជាការប្រកួតដ៏ពិបាកមួយ»។ នេះជាការបន្ថែមរបស់កីឡាករ Itakura ដែលចូលរួមជាមួយក្រុម Borussia Monchengladbach នៅក្របខ័ណ្ឌ Bundesliga ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ។
ក្រុមកូស្តារីកា ត្រូវបានក្រុមអេស្ប៉ាញលត់ ៧-០ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ហើយបច្ចុប្បន្នកំពុងឈរក្រោមគេ ក្នុងពូល E។ ក្រុមជប៉ុនស្ថិតនៅលេខ ២ ដោយក្រុម នៅលើគេទាំង ២ ក្នុងពូល នឹងបានឡើងទៅជុំបន្ទាប់។
ក្រុមជប៉ុនមិនធ្លាប់ចាញ់ក្រុមកូស្តារីកានោះទេ ក្នុងការជួបគ្នាកន្លងមក ហើយឈរនៅលេខរៀងទី ២៤ ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ) ពោលគឺមានគម្លាត ៧លេខ ពីលើក្រុមគូប្រជែង៕