អន្តរជាតិ

មេដឹកនាំណាតូថា៖ ការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriotទៅអ៊ុយក្រែនគឺអាស្រ័យលើអាល្លឺម៉ង់

ក្រោយអាល្លឺម៉ង់បានបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ប្រទេសប៉ូឡូញ​កាលពីថ្មីៗនេះ មេដឹកនាំណាតូបានបញ្ជាក់ឲ្យដឹងថា បើចង់បង្វែរវាទៅអ៊ុយក្រែនវិញ​គឺត្រូវសួរអាល្លឺម៉ង់ជាមុនសិន។

សូមរំលឹកបន្តិចថា ការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ប្រទេស       ប៉ូឡូញដោយអាល្លឺម៉ង់ កើតឡើងបន្ទាប់ពីមីស៊ីលរុស្ស៊ីបានធ្លាក់សម្លាប់ពលរដ្ឋ​ប៉ូឡូញពីរនាក់​នៅតំបន់ព្រំដែនជាប់អ៊ុយក្រែន។ ការបញ្ជូននេះ គឺស្ថិតក្រោមក្របខ័ណ្ឌនៃ   ​ ​ សម្ព័ន្ធអង្គការណាតូ ខណៈប៉ូឡូញគឺជាសមាជិកមួយនៃសម្ព័ន្ធ។ យ៉ាងណាមិញ ក្រោយការបញ្ជូននេះ មានសំណួរជាច្រើនបានលើកឡើងថា តើអ៊ុយក្រែនអាច​ទទួលបានដែរឬអត់ ហើយរដ្ឋាភិបាលប៉ូឡូញក៏បានស្នើសុំទៅអាល្លឺម៉ង់ដែរ សុំឲ្យបង្វែរប្រព័ន្ធនេះទៅអ៊ុយក្រែនវិញ។

ឆ្លើយតបភ្លាមៗ លោក Stoltenberg ប្រធានណាតូ បានប្រាប់ជាបឋមថា ផែនការនេះ​អាចធ្វើទៅបាន ដរាបណាមានការយល់ព្រមពីអាល្លឺម៉ង់ វាជាការ​សម្រេច​ចិត្ត​ថ្នាក់ជាតិ”។ “ពេលខ្លះមានកិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់បើមិនចង់យក ឬមួយពួកគេត្រូវការពិគ្រោះ​យោបល់ជាមួយសម្ព័ន្ធមិត្តផ្សេងទៀតសិន ប៉ុន្តែយ៉ាងណា វាគឺជាការអនុម័តរបស់​រដ្ឋាភិបាលថ្នាក់ជាតិ”។

ប្រព័ន្ធការពាដែនអាកាស Patriot គឺជាបច្ចេកវិទ្យាឈានមុខ ជាប្រព័ន្ធមីស៊ីលពីដីទៅ​អាកាស ត្រូវបានប្រើប្រាស់ដោយកងទ័ពសហរដ្ឋអាម៉េរិក និងរដ្ឋសម្ព័ន្ធមិត្តមួយចំនួន។ Patriot អាចចាប់បានមីស៊ីលច្រើនប្រភេទ វាមានកំណត់ត្រាល្អ ធ្លាប់ទទួលបានអត្រា​ជោគជ័យរហូតដល់ ៧០ ភាគរយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និង ៥០ ភាគរយ​នៅអ៊ីស្រាអែល៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា