សន្ដិសុខសង្គម

ជិះម៉ូតូបង្ខំបំពានភ្លើងស្តុបជ្រុលបុកម៉ូតូបណ្តាលឱ្យរបួសធ្ងន់២នាក់

ភ្នំពេញ៖ស្ត្រីម្នាក់បានជិះម៉ូតូលឿនបង្ខំបំពានភ្លើងស្តុប ក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀត​បើកបរដោយស្ត្រីនិស្សិតពេទ្យម្នាក់ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។គ្រោះថ្នក់ចរាចរនេះបានកើតឡើងនៅម្តុំស្តុបផ្លូវ៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាក PCX យ៉ាងលឿនបង្ខំឆ្លងភ្លើងស្តុបពណ៌លឿងក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមពេញទំហឹង បណ្តាលឱ្យស្ត្រីខាងម៉ូតូ PCX រងរបួសធ្ងន់បាក់ដៃ សន្លប់ឈឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ភ្លាមៗ។ចំណែកស្ត្រីខាងម៉ូតូហុងដាឌ្រីម ជានិស្សិតពេទ្យក៏រងរបួសធ្ងន់ដែរ។

បន្ទាប់ពីមានគ្រោះថ្នាក់ កម្លាំងនគរបាលចរាចរណ៍បានចុះពិនិត្យ ហើយបានឱ្យដឹងថា ម៉ូតូ PCX ផ្លាកលេខភ្នំពេញ1JF-1668 ជិះដោយស្ត្រីឈ្មោះសិទ្ធ រក្សា អាយុ២៨ឆ្នាំ ជាកម្មករស្នាក់នៅភូមិព្រែកតានូ ខណ្ឌមានជ័យ។ចំណែកម៉ូតូហុងដាឌ្រីម ផ្លាកលេខកណ្តាល 1AG-7254 ជិះដោយស្រ្តីឈ្មោះហ៊ យិនឆេង អាយុ១៩ឆ្នាំ ជានិស្សិតពេទ្យនៅស្រុកស្អាង ខេត្តកណ្តាល៕ដោយ៖វិចិត្រ