សន្ដិសុខសង្គម

ជម្លោះពីទំនាស់ពាក្យសម្តីកើតអំពើហិង្សា បង្កឱ្យមានរបួសសងខាង

តាកែវ៖ស្ត្រី២ភាគីបានទាស់សម្តីក៏ផ្ទុះហិង្សាដាក់គ្នា ដោយម្ខាងយកដុំថ្មទៅវាយគេ ឱ្យរងរបួស តែម្ខាងទៀតបានតបតវិញបណ្តាលឱ្យរយះក្បាលត្រូវបញ្ជូនទៅមន្ទីរពេទ្យ។អំពើហិង្សានោះនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា។

មន្ត្រីនគរបាលស្រុកគិរីវង់បានឱ្យដឹងថា ក្រោយហេតុការណ៍កើតឡើង កម្លាំងនគរបាលប៉ុស្តិ៍ព្រះបាទជាន់ជុំបានចុះពិនិត្យកន្លែងដែលមានជម្លោះនោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺជាហិង្សាទៅវិញទៅមក បង្កដោយស្ត្រីភាគីម្ខាង មានគ្នា២នាក់ ឈ្មោះ វ៉ាសុភ័ក្រ អាយុ៣៨ឆ្នាំ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវនិងឈ្មោះ វ៉ា សុខអាង អាយុ៤៣ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ទាំង២នាក់បានយកដុំថ្មវាយទៅលើស្រ្តីឈ្មោះឆាយ ពៅ អាយុ៥១ឆ្នាំ នៅភូមិឃុំខាងលើបណ្តាលឱ្យរយះក្បាលហូរឈាម។

ក្រោយមកនគរបាលស្រុកបាននាំខ្លួនភាគីជម្លោះយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ