អន្តរជាតិ

ក្រុមហ៊ុនផលិតដែកធំបំផុតនៅអ៊ុយក្រែនផ្អាកការផលិត ក្រោយខ្វះអគ្គិសនី

ក្រុមហ៊ុនផលិតដែកដ៏ធំបំផុតរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាស​ផ្អាកដំណើរការផលិតជាបណ្តោះអាសន្ន បន្ទាប់ពីមិនមានថាមពលអគ្គិសនីប្រើប្រាស់​គ្រប់គ្រាន់។

យោងតាមសេវាសារព័ត៌មានរបស់សហគ្រាសនៃមជ្ឈមណ្ឌល GMK បានឲ្យដឹងថា ក្រុមហ៊ុនផលិតដែក ArcelorMittal Kryvyi Rih មានទីតាំងស្ថិតនៅទីក្រុង Kryvyi Rih ភាគកណ្តាលប្រទេសអ៊ុយក្រែន បានផ្អាកដំណើរការផលិតជាបណ្តោះអាសន្នហើយ ព្រោះបរិមាណអគ្គិសនីដែលអាចប្រើបានគឺមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ផលិតកម្មសូម្បីតែនៅកម្រិត ២០% ក៏មិនអាចធ្វើបានដែរ។ យោងតាមនាយកប្រតិបត្តិរបស់រោងចក្រ​ផ្ទាល់ គឺលោក Mauro Longobardo បានធ្វើបទសម្ភាសន៍ជាមួយកាសែត Financial Times លោកបានមានប្រសាសន៍ថា មុននឹងឈានមកដល់ពេលនៃកង្វះខាតថាមពលនេះ ក្រុមហ៊ុនក៏កំពុងស្ថិតនៅលើចំណុចមួយដ៏តានតឹងដែរ នោះគឺផ្លូវទៅរកការបិទទ្វាររោងចក្រ​តែម្តង ក្រោយតម្លៃដែកចុះទាប។ លោក​បាន​កត់​សម្គាល់​ថា ការ​នាំ​ចេញ​ដែក​តាម​ផ្លូវ​គោក​ទៅ​កាន់​ប្រទេស​អឺរ៉ុប​គឺ​មិន​មាន​ផល​ចំណេញ​នោះ​ទេ។ បច្ចុប្បន្ននេះ រោងចក្រដែកដំណើរ​ការ​តែឡដុតមួយប៉ុណ្ណោះ ដែលផលិតផលបានដែក ១០ម៉ឺនតោនក្នុងមួយខែ។

គួររំលឹកថា បញ្ហានៃការផ្គត់ផ្គង់អគ្គិសនីដល់សហគ្រាសអ៊ុយក្រែនកាន់តែដុនដាបទៅៗ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចកងទ័ពរុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលកាលពីខែតុលា។ ក្នុងនោះ៤០% នៃហេដ្ឋារចនាសម្ព័ន្ធថាមពលបច្ចុប្បន្នត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈការបាញ់ផ្លោងមួយទៀតនៅថ្ងៃទី ២៣ ខែវិច្ឆិកាសប្តាហ៍នេះបានធ្វើឱ្យស្ថានភាព​កាន់តែអាក្រក់ទៅៗ៕

ប្រភព៖ THE KYIV INDEPENDENT

ប្រភពរូប៖THE KYIV INDEPENDENT
ប្រែសម្រួល៖សុខ តុលា