អន្តរជាតិ

អាម៉េរិកព្រួយបារម្ភជាថ្មីខ្លាចថារុស្ស៊ីប្រើអាវុធ គីមីជីវសាស្រ្ត Novichokនៅអ៊ុយក្រែន

សហរដ្ឋអាម៉េរិក សម្ដែងការព្រួយបារម្ភជាថ្មីម្តងទៀតដោយខ្លាចថារុស្ស៊ីអាចនឹងប្រើ​អាវុធគីមីជីវសាស្រ្តសារធាតុបំពុលសរសៃប្រសាទNovichok នៅក្នុងប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងវឌ្ឍនភាពនៃយោធាអ៊ុយក្រែននារយៈពេលចុងក្រោយនេះនៅតាមតំបន់ សមរភូមិជាច្រើនជាមួយរុស្ស៊ី ការព្រួយបារម្ភត្រូវបានលេចចេញជាថ្មីពីសំណាក់         ​ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើកឡើងពីផែនការមិនល្អរបស់រុស្ស៊ី។ យោងតាមប្រភពដែលត្រូវបានដកស្រង់ដោយកាសែត Politico បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានកំពុងធ្វើការលើបញ្ហានេះ រៀបចំការពារសម្ព័ន្ធមិត្តរបស់លោកខាងលិចរបស់ខ្លួន។ Politico បានរាយការណ៍ថា សេតវិមានកំពុងធ្វើការដើម្បីដាក់ពង្រាយនូវធនធាន ឧបករណ៍រាវរក ប្រសិនបើអាវុធគីមីត្រូវបានប្រើប្រាស់នៅ អ៊ុយក្រែននោះនឹងបានដឹងភា្លមៗ។

តាមការព្រួយបារម្ភ លោក វ្ល៉ាឌីមៀរ ពូទីន អាចងាកមកប្រើ Novichok ជាសារធាតុពុលសាហាវបំផុតមួយប៉ះពាល់ដល់សរសៃប្រសាទ និងជីវិត ក្នុងការវាយប្រហារទ្រង់ទ្រាយធំនៅអ៊ុយក្រែន ប្រសិនបើកងទ័ពរបស់លោកនៅតែ​បន្តបាត់បង់ទឹកដីដែលកាន់កាប់។ យោងទៅតាមមនុស្សប្រាំមួយនាក់ដែលមាន​ចំណេះដឹងអំពីបញ្ហានេះ បានលួចបង្ហើបប្រាប់ថា លោកពូទីនបានត្រៀមខ្លួនដើម្បី​ប្រើប្រាស់អាវុធគីមីជាជាងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលមានន័យថា ពូទីនច្បាស់ណាស់ គាត់នឹងមិនប្រើនុយក្លេអ៊ែរទេ។

សហរដ្ឋអាម៉េរិកបានកត់សម្គាល់ឃើញថា ពូទីនចង់ប្រើលេសក្លែងទង់ជាតិមិនពិតចោទ​ប្រកាន់អ៊ុយក្រែនមុនពីការប្រើប្រាស់អាវុធគីមី ហើយពួកគេនឹងមានលេសដើម្បីប្រើបកវិញ​តាមក្រោយ។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិបានបញ្ជាក់​រួចហើយថា មិនមានតម្រុយនៃអាវុធគីមីណាមួយត្រូវបានរកឃើញនៅអ៊ុយក្រែនឡើយ៕

ប្រភព៖ Daily Mail

ប្រភពរូប៖Daily Mail
ប្រែសម្រួល៖សុខ តុលា