សន្ដិសុខសង្គម

រាយខ្សែភ្លើងចេញពីផ្ទះឆក់ត្រី ភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងនៅវាលស្រែ

ស្វាយរៀង៖បុរសម្នាក់បានរាយខ្សែភ្លើងយ៉ាងវែងចេញពីផ្ទះដើម្បីឆក់ត្រីយកធ្វើម្ហូប ទំនងខុសបច្ចេកទេស ភ្លាត់ស្នៀតត្រូវចរន្តភ្លើងឆក់ស្លាប់ខ្លួនឯងនៅវាលស្រែ ដែលហេតុការណ៍បង្កភ្ញាក់ផ្អើលនោះបានកើតឡើងនៅភូមិតាណរ សង្កាត់ស្វាយតឿ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អ្នកបាត់បង់ជីវិតឈ្មោះពុធ ថា អាយុ៤៩ឆ្នាំ នៅភូមិសង្កាត់​ខាងលើ។មុនកើតហេតុឈ្មោះពុធ ថា បានរាយខ្សែភ្លើងប្រមាណ១០០ម៉ែត្រចេញពីផ្ទះ​ទៅវាលស្រែដើម្បីឆក់ត្រីយកធ្វើម្ហូប។

មួយសន្ទុះក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើល ព្រោះឃើញជនរងគ្រោះត្រូវខ្សែភ្លើង​ឆក់នៅវាលស្រែ។ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះ តែបុរសនោះបានស្លាប់​បាត់ទៅហើយ។បន្ទាប់មានមនុស្សស្លាប់ នគរបាលក្រុងស្វាយរៀងនិងគ្រូពេទ្យបានចុះ​ពិនិត្យសព ហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្សែភ្លើងឆក់ពិតមែន ព្រោះមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មនោះទេ៕ដោយ៖វិចិត្រ