សន្ដិសុខសង្គម

ម៉ូតូបើកវ៉ាជែងបុកម៉ូតូមកពីមុខបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់២នាក់

កណ្ដាល៖គ្រោះថ្នាក់ចរាចររវាងម៉ូតូបើកវ៉ាជែងរថយន្តជ្រុលទៅបុកជាមួយម៉ូតូមកពីមុខបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់របួសធ្ងន់២នាក់។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ​លេខ២១ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីយប់ថ្ងៃ​ទី២៤ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះទុំ ចាន់ អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រ នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូសង់កូរ៉េផ្លាកលេខកណ្ដាល​1U-0784។

ចំណែកភាគីម៉ូតូម្ខាងទៀតឈ្មោះត្រិះយួសុះ អាយុ២៥ឆ្នាំ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាលនិងឈ្មោះតូហៀត ណាស៊ី អាយុ ១៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ពួកគេជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល1AC-3933 ធ្វើដំណើរបញ្ច្រាសគ្នា។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ