អន្តរជាតិ

ទស្សនាវដ្ដី Forbes៖ រុស្ស៊ីចំណាយ ប្រាក់អស់៨២ពាន់លានដុល្លារក្នុងការច្បាំងនៅអ៊ុយក្រែន

ក្រោយបានច្បាំងនៅអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកនេះ ប្រទេសរុស្ស៊ីបាន​ចំណាយទឹកប្រាក់ជាតិប្រចាំឆ្នាំអស់ចំនួន ៨២ពាន់លានដុល្លារ។

យោងតាមការគណនាដោយទស្សនាវដ្តី Forbes បានឲ្យដឹងកាលពីថ្មីៗនេះថា ក្នុងអំឡុងពេលប្រាំបួនខែនៃការលុកលុយប្រទេសអ៊ុយក្រែន រដ្ឋាភិបាលរុស្ស៊ី​បានចាយថវិកាអស់ចំនួន ៨២ពាន់លានដុល្លារ ដែលស្មើនឹងមួយភាគបួន​នៃថវិកាជាតិប្រចាំឆ្នាំ។ ប្រភពនេះបានបន្តលម្អិតទៀតថា ការចំណាយរបស់​រុស្ស៊ីភាគច្រើនគឺផ្តោតទៅលើគ្រាប់រំសេវ និងយោធា។ ក្នុងនោះរុស្ស៊ីបានប្រើប្រាស់​សម្បកគ្រាប់ចាប់ពី ១០.០០០ ទៅ ៥០.០០០ គ្រាប់ក្នុងមួយថ្ងៃ ខណៈតម្លៃជាមធ្យមនៃ​សំបកគ្រាប់មួយគឺមានតម្លៃប្រហែល ១០០០ ដុល្លារ។ បន្ថែមពីនេះ រុស្ស៊ីបានបាញ់កាំជ្រួច​ច្រើនជាង ៤.០០០ ដើមនៅអ៊ុយក្រែនផងដែរ ដែលតម្លៃជាមធ្យមក្នុងមួយឯកតាគឺ ៣ លានដុល្លារ។

ក្រៅពីគ្រឿងផ្ទុះយុទ្ធភណ្ឌ សហព័ន្ធរុស្ស៊ីក៏បានចំណាយយ៉ាងច្រើនលើការបើក​ប្រាក់បៀវត្សរ៍ដល់យោធា ជាមួយនឹងការផ្តល់គ្រាប់រំសេវជាប់ខ្លួន។ គិតជាទឹកប្រាក់​សរុបប្រចាំថ្ងៃ រុស្ស៊ីចំណាយប្រហែល ២០០ ដុល្លារសម្រាប់ទាហានម្នាក់។ ដូច្នេះបើគិត​ការ​ចល័ត​ទ័ព​ចុង​ក្រោយ​បំផុត គឺចំណាយ​ប្រាក់​ខែ​យោធាប្រហែល ២,៧ ពាន់លានដុល្លារ។ ដោយមើលឃើញពីតួលេខទាំងនេះ ទស្សនាវដ្តី Forbes បានដាក់ការសន្និដ្ឋានសម្រាប់​ឆ្នាំក្រោយ វិក្កយបត្រសម្រាប់សង្គ្រាមអាចនឹងកើនឡើងខ្ពស់កប់ពពក៕

ប្រភព៖ THE KYIV INDEPENDENT

ប្រភពរូប៖THE KYIV INDEPENDENT
ប្រែសម្រួល៖សុខ តុលា