សន្ដិសុខសង្គម

ដេញចាប់អ្នករត់ផាស្អេបម្នាក់ចាញ់ ល្បែងភ្នាល់បាល់លួចទូរសព្ទគេ

ភ្នំពេញ៖នគរបាលខណ្ឌកំបូល ដេញស្ទាក់ចាប់បានអ្នករត់ផាស្អេបម្នាក់​ចាញ់ល្បែង​ភ្នាល់បាល់ក៏លួចទូរសព្ទម៉ាក I phone11pro គេទុកក្នុងផ្ទះលក់ទំនិញ ហើយព្យាយាម​បើករត់។ករណីនេះបានកើតឡើងនៅតាមផ្លូវបេតុង ក្បែរវត្តអង្គបឹងចក ភូមិអង្គបឹងចក ខណ្ឌកំបូល កាលពីម៉ោង១០ថ្ងៃទី២៤ ខែវិច្ឆិកា។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ អ្នកបើកផាស្អេបម្នាក់បានចូលទៅរកទិញ​អីវ៉ាន់ផ្ទះអ្នកលក់ចាប់ហួយមួយកន្លែង ហើយក៏ឃើញទូរសព្ទម៉ាក I phone11pro មួយគ្រឿងម្ចាស់ទុកចោល។ខណៈម្ចាស់ផ្ទះរវល់លក់ដូរ ឱកាសល្អបុរសនោះបានលួចយក ហើយព្យាយាមបើកផាស្អេបរត់គេចខ្លូន។

បន្ទាប់មកម្ចាស់បាត់ទូរសព្ទសង្ស័យលើបុរសបើកផាស្អេប ក៏ប្តឹងសមត្ថកិច្ចដេញតាម​ស្ទាក់ចាប់ បាននៅក្បែរវត្តអង្គបឹងចក ហើយរកឃើញទូរសព្ទមកវិញ រួចនាំខ្លួនទាំង​មធ្យោបាយ​ទៅប៉ុស្តិ៍រដ្ឋបាលឪឡោក។តាមចម្លើយសារភាពជនសង្ស័យបានប្រាប់ថា ខ្លួនអស់លុយដោយសារញៀនល្បែងភ្នាល់បាល់ ដោយឃើញម្ចាស់ផ្ទះទុកទូរសព្ទចោល​ក៏លួចយកតែម្តង។ក្រោយសាកសួររួច បានកសាងសំណុំរឿងបញ្ជូនទៅផ្នែក​ជំនាញដើម្បីអនុវត្តនីតិវិធី៕ដោយ៖វិចិត្រ