សេដ្ឋកិច្ច

បង់​ក្លា​ដេ​ស នឹង​ទិញ​អង្ករ​កម្ពុជា​២៥០០០​តោន​ក្នុងដំណាក់កាល​ដំបូង​

​ភ្នំពេញ​៖ កម្ពុជានិង​បង់​ក្លា​ដេ​ស បាន​ពិភាក្សាគ្នា​ពី​លទ្ធភាព​នៃ​ការចាប់ផ្តើម​ការងារ​នាំចេញ​ជំហាន​ដំបូងលើ​បរិមាណ​ចំនួន២៥០០០​តោន ដែល​នឹងត្រូវ​អនុវត្ត​នៅពេល​ខាងមុខ​ដ៏​ខ្លី​។នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមរបស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង ក្រុម​ហ៊ុន​​ហ្គ្រី​ន​ត្រេ​ដ របស់​ក្រសួងពាណិជ្ជកម្ម​។​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​នាំចេញ​អង្ករ​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​បញ្ជាក់ថា​កិច្ចប្រជុំ​បានបញ្ចប់​ប្រកបដោយ​លទ្ធភាព​ផ្លែផ្កា និង​សុទិដ្ឋិនិយម​ខ្ពស់ ក្នុងការ​ចាប់ផ្តើម​នាំ​អង្ករ​ចេញ ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស លើ​បរិមាណ​ជំហាន​ដំបូង​ចំនួន ២៥០០០​តោន នូវ​រយៈពេល​ដ៏​ខ្លី​ខាងមុខ ដែល​ស្របតាម​គោលនយោបាយ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ពង្រីក​ទីផ្សារ​ស្រូវ អង្ករ​សម្រាប់​ប្រជាជន និង​ប្រជាកសិករ​កម្ពុជា​។​

​ភាគី​ទាំង​ពីរបាន​ពិភាក្សាលើ​ការ អនុវត្ត​អនុស្សារណៈ​យោគយល់​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ចុះហត្ថលេខា​រួចហើយ និង​បាន​ពិភាគ្សា​លើ​ប្រភេទ​អង្ករ​ដែល​ប្រទេស​បង់​ក្លា​ដេ​សត្រូវ​ការ ដែល​ក្នុងនោះ​មាន​អង្ករ​ចំហុយ និង​អង្ក​រស និង​ប្រភេទ​កិច្ចសន្យា ដែល​ត្រូវ​ធ្វើការ​រវាង​ប្រទេស​ទាំងពីរ គឺជា​ទំរង់​រវាង​ក្រុមហ៊ុន​រដ្ឋ និង​ក្រុមហ៊ុន​រដ្ឋ (Government to Government) និង​ពិនិត្យ​លទ្ធភាព​អនុវត្តតាម​ទំរង់​នៃ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​រដ្ឋ និង​ផ្នែក​ឯកជន (Business to Government) ឬ កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​ឯកជន (Business to Business) ។​ដោយ​ឃើញ​សក្តានុពល​សម្បូរ​នូ​វត្ថុធាតុដើម​ស្រូវ ភាគី​ប្រទេស​បង់​ក្លា​ដេ​ស មាន​ចំណាប់អារម្មណ៍​ចង់​វិនិយោគ លើ​រោងចក្រ​នៃ​ការផលិត​កែច្នៃ​អង្ករ​ចំហុយ​នៅ​ក​ម្ព​ជា ហើយ​រួច​នាំ​ចេញទៅ​ប្រទេស​បង់​ក្លា​ដេ​ស​តែម្តង​។​

កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​នាំចេញ​អង្ករ ទៅ​ប្រទេស​បង់​ក្លា​ដេ​ស ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​កណ្តាល ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ចាន់ សុខ​ទី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​ប្រធាន​អគ្គនាយក ក្រុម​ហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដោយមាន​ការចូលរួម​ពី​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឧកញ៉ា ចាន់ សុ​ឃាំង អនុប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ទទួលបន្ទុក ផ្នែក​វិនិយោគ និង​ហិរញ្ញវត្ថុ និង​លោកស្រី គឹម ស្រីរ័ត្ន អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ ទទួលបន្ទុក​ផ្នែក​ទីផ្សារ និង​ជំរុញ​ការនាំចេញ និង លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​ដោយឡែក​ភាគី​ប្រទេស​បង់​ក្លា​ដេ​ស ដឹកនាំ​ដោយ​លោក Md. Shakhawat Hossain អគ្គ​នាយក​ផ្នែក​ចំណីអាហារ នៃ​ក្រសួង​ចំណីអាហារ (Ministry of Food) នៃ​ប្រទេស​បង់​ក្លា​ដេ​ស និង​សហការី​ចំនួន​៤​រូប​ទៀត៕

ដោយៈសិរីមតី