ព័ត៌មានជាតិ

បួនឆ្នាំគេបានរកឃើញកំណើនអត្រាសម្បុកសត្វត្រដក់តូចក្នុងតំបន់ទីជម្រកមេគង្គកាន់តែច្រើនឡើង

ខេត្តក្រចេះ៖ ក្រុមអ្នកជំនាញផ្នែកតាមដាន និងស្រាវជ្រាវជីវចម្រុះនៃដែនជម្រក សត្វព្រៃសំបូរ បានបង្ហាញពីរបាយការណ៍កត់ត្រារបស់ខ្លួន ដោយបញ្ជាក់ឱ្យដឹងពីវត្តមាន សម្បុកសត្វត្រដក់តូចចំនួន ៤៨ សម្បុក និងវត្តមានរបស់បក្សីពេញវ័យចំនួនសរុប ៦៨ ក្បាល ព្រមទាំងវត្តមានកូនតូចៗជាច្រើនទៀត កំពុងរស់នៅតាមទីជម្រកព្រៃលិចទឹក នៃទន្លេមេគង្គ។

គួរបញ្ជាក់ថា៖ លទ្ធផលប្រកបដោយភាពលើកទឹកចិត្តនេះ គឺជាផ្នែកមួយដែលស្តែងចេញពី កិច្ចខិតខំជាចង្កោមនៃការស្រាវជ្រាវ និងតាមដានសត្វស្លាបក្នុងអំឡុងពេលនៃរដូវកាល ពងកូន របស់សត្វស្លាបមាឌធំមួយប្រភេទនេះ ចាប់ពីខែតុលាដល់ខែធ្នូ ដែលអនុវត្ត ដោយមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអ្នកជំនាញស្រាវជ្រាវសត្វព្រៃរបស់អង្គការWWF ព្រមទាំងមានការចូលរួមផងដែរពី សមាជិកសហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់នៃទីជម្រកនោះ។

អ្នកជំនាញផ្នែកជីវចម្រុះនៃអង្គការ WWF បានពិពណ៌នាអំពីលទ្ធផលនាពេលនេះថាជា កំណត់ត្រានៃចំនួនសម្បុកសត្វត្រដក់ដែលមានអត្រាមួយខ្ពស់សម្រាប់រយៈពេល ៤ ឆ្នាំចុងក្រោយនៅក្នុងតំបន់ទីជម្រកមេគង្គនេះ។ លើសពីនេះទៀត ចំនួនសម្បុកដែលត្រូវបានកត់ត្រានាពេលនេះបានកើនឡើងរហូតដល់ជិត ១៣០% បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ២៤ សម្បុកប៉ុណ្ណោះដែលត្រូវបានអ្នកជំនាញកត់ត្រា ទុកក្នុងអំឡុងពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២១។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ ឱ្យដឹងជុំវិញបញ្ហានេះថា៖«ខ្ញុំសូមអបអរសាទរចំពោះលទ្ធផលនៃការតាមដានសត្វត្រដក់តូចនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ដែលបានបង្ហាញពីការកើនឡើងនៃចំនួន សម្បុកសត្វនេះពីត្រឹមតែ ២៤ សម្បុកប៉ុណ្ណោះក្នុងឆ្នាំ២០២១ ដល់ចំនួន ៤៨សម្បុកក្នុងឆ្នាំ២០២២នេះ។ លទ្ធផលនាពេលនេះជាផ្នែកមួយដែលបាន បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WWF ក្នុងកិច្ចសហគ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃសំបូរ។

លទ្ធផលដែលបង្ហាញពីការកើនឡើងនៃចំនួនសម្បុកសត្វត្រដក់តូចនេះជាក្តីសង្ឃឹមមួយសម្រាប់អ្នកអភិរក្សជីវចម្រុះ និងសត្វព្រៃ ដែលរំពឹងថាចំនួនសត្វត្រដក់តូចនឹងកើនឡើង នៅក្នុងប្រទេសកម្ពុជាយើង។ ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នៃដែនជម្រកសត្វព្រៃសំបូរឲ្យបន្តចូលរួមការពារតំបន់ធម្មជាតិ និងអភិរក្សសត្វព្រៃ និងសត្វស្លាបគ្រប់ប្រភេទ ព្រោះធនធានសត្វព្រៃទាំងនេះមាន សារសំខាន់ ចំពោះការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ហើយការកើនឡើងនៃ ចំនួនសត្វត្រដក់តូច និងសត្វដទៃទៀតជាការលើកកម្ពស់សក្តានុពលវិស័យ អេកូទេសចរណ៍សម្រាប់តំបន់»។

គួរបញ្ជាក់ថា៖ក្រសួងបរិស្ថាន និងអង្គការ WWF ក្រោមការឧបត្ថម្ភថវិកាពីរដ្ឋាភិបាល ប្រទេសបែលហ្ស៊ិក និងអង្គការ WWFបែលហ្ស៊ិក បាននិងកំពុងអនុវត្តកម្មវិធីការពារ សម្បុកសត្វស្លាប ដោយឲ្យមានការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាននៃតំបន់ទីជម្រក ក្នុងការងារតាមដាន និងការងារល្បាតជាប្រចាំដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារពង និងសម្បុករបស់សត្វត្រដក់ទាំងនេះរហូតដល់ពួកវាញាស់ និងហើរចេញរកស៊ី។ កម្មវិធីការពារសម្បុកសត្វស្លាបនេះផ្តោតលើប្រភេទ សត្វស្លាបមានមាឌធំ រួមមាន សត្វត្រដក់តូច សត្វត្រយងចង្កំកស សត្វត្រយងយក្ស និងសត្វត្មាតទាំងបីប្រភេទ។ សត្វត្រដក់តូចត្រូវបានចាត់ថ្នាក់ជាប្រភេទបក្សីងាយ រងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN ហើយចំនួនរបស់វាត្រូវបានគេប៉ាន់ប្រមាណថាមាន យ៉ាងហោចណាស់ចំនួន ៣០០០ ក្បាល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសត្វនេះ កំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការបាត់បង់ជម្រកពងកូនដោយសារ កត្តារេចរឹល និងការបំលែងធម្មជាតិតំបន់ដីសើម៕

ដោយ៖ឧត្តម