កីឡា

គ្រាប់បាល់ចុងម៉ោង ជួយឱ្យហូឡង់ឈ្នះសេណេហ្គាល់ នៅថ្ងៃវិលមក World Cup វិញ

គ្រាប់បាល់ចុងម៉ោង ដែល​ស៊ុត​បញ្ចូល​ទី​ដោយកីឡាករ Cody Gakpo និង Davy Klaassen ជួយឱ្យក្រុម​ពណ៌​ទឹក​ក្រូច​ហូឡង់ដណ្ដើម​បាន​ជ័យជម្នះ ២-០ លើក្រុមសេណេហ្គាល់ ដែល​ជា​ជើងឯកទ្វីបអាហ្រ្វិក កាលពីថ្ងៃចន្ទ ខណៈក្រុមដែល​រងបរាជ័យ ៣ដង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកន្លង​មក បានវិល​ត្រឡប់​មក​កាន់​វេទិកា World Cup វិញហើយ​។

ដោយ​ក្រុមសេណេហ្គាល់អវត្តមានកីឡាករឆ្នើម Sadio Mane ហើយ​ក្រុមហូឡង់មិន​មាន​ខ្សែប្រយុទ្ធដ៏​សំខាន់ Memphis Depay ពេលការប្រកួតចាប់​ផ្ដើមនោះ គូប្រជែង ក្នុងពូល A សម្រាប់​ហ្គេម នា​ទីក្រុងដូហា​នេះ មើលទៅទំនង​ជា​បញ្ចប់ជាមួយ​នឹង​លទ្ធផលស្មើគ្នា​ ដោយ​មិន​មាន​គ្រាប់​បាល់​ច្រើន​ជាង។

ប៉ុន្តែនៅសល់តែ ៦នាទីទៀតប៉ុណ្ណោះ ខ្សែប្រយុទ្ធ Gakpo របស់​ក្លិប PSV Eindhoven បានរត់​ទៅ​ឈរ​ពី​មុ​ខ​អ្នកចាំទីសញ្ជាតិ Edouard Mendy របស់​ក្រុម​សេណេហ្គាល់ ដើម្បីតែតបញ្ចូលទីពី​ការបញ្ជូនបាល់ចូល​មក​តំបន់​គ្រោះ​ថ្នាក់ដោយ​កីឡាករ Frenkie de Jong ពីស្លាបខាងឆ្វេង។

កីឡាករបម្រុង Klaassen បានជួយ​ធានា​នូវ​ជ័យជម្នះដល់​ក្រុម​ហូឡង់ ជាមួយ​នឹង​គ្រាប់​បាល់ ក្នុងម៉ោងបន្ថែម​មានរបួសយ៉ាង​យូរ ពោល​គឺ​នាទីទី៩០+៩ បន្ទាប់ពីមាន​ឱកាស​ទម្លុះ​សំណាញ់ទី ក្រោយ​អ្នក​ចាំ​ទី Mendy បានរារាំង​ការ​ស៊ុត​របស់​កីឡាករ Depay ដែលបានចូល​លេង​ក្នុង​នាម​ជាកីឡាករ​បម្រុង​ដែរ​។

លោក Van Gaal ដែលកំពុង​ស្ថិតក្នុងដំណាក់កាលទី៣ ក្នុងនាមជាគ្រូបង្វឹករបស់​ក្រុមជម្រើសជាតិ បានមាន​ប្រសាសន៍​ថា​៖ «ខ្ញុំតែងតែមានអារម្មណ៍ថា យើងនឹងរកគ្រាប់បាល់បាន។ វាជាការឈ្នះប្រកបដោយប្រសិទ្ធភាព ប៉ុន្តែខ្ញុំក៏គិតថា យើងល្អ​ជាងដែរ។ ដូច្នេះ​ ខ្ញុំ​គិត​ថា​វា​ជា​ការ​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​ល្អស័ក្តិសម​មួយ បើ​ទោះ​បី​ជា​ខ្ញុំ​មិន​គិត​ថា ​វា​ជា​ការ​ប្រកួត​ដ៏​ល្អមើលពីការ​លេង​របស់​យើង​​ក៏​ដោយ»។

លទ្ធផលនេះ នាំ​ឱ្យក្រុមហូឡង់ឈរ​ទីកំពូល ក្នុងពូលជាមួយក្រុមអេក្វាទ័រ ដែលបានយកឈ្នះក្រុម​ម្ចាស់ផ្ទះកាតា ២-០ ពីការប្រកួតបើកឆាកនៃព្រឹត្តិការណ៍​នេះ កាលពីថ្ងៃអាទិត្យ ហើយ​ក្រុមរបស់លោក Van Gaal ត្រូវ​តទល់​ជាមួយ​ក្រុម​មក​ពី​តំបន់​អាមេរិក​ឡាទីន នៅថ្ងៃសុក្រ ខណៈក្រុមសេណេហ្គាល់ នា​ពេលនេះ ត្រូវប្រឈមនឹងការប្រកួត ដែល​ត្រូវតែឈ្នះក្រុមកាតា៕