កីឡា

Mitoma របស់ជប៉ុន ត្រៀមធ្វើឱ្យអាល្លឺម៉ង់ឈឺក្បាល នៅ World Cup

ដោយសារ​មាន​ជំងឺតិច​តួច ទើប​នាំ​ឱ្យ​កីឡាករ Kaoru Mitoma របស់ក្រុម​ជម្រើសជាតិ​ជប៉ុន ធ្វើ​ដំណើរតៅ​ដល់ប្រទេសកាតារាង​យឺត ប៉ុន្តែខ្សែបម្រើស្លាបរូបនេះ បានទទូច កាលពីថ្ងៃអាទិត្យថា រូប​គេ​នឹងត្រៀមខ្លួនរួច​រាល់ ១០០ភាគរយ សម្រាប់ការប្រកួតបើកឆាករបស់​ក្រុម​សាមូរ៉ៃទល់​នឹង​ក្រុមអាល្លឺម៉ង់ ក្នុង​ព្រឹត្តិការណ៍​ World Cup 2022។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានបង្ហាញពីទេពកោសល្យ​របស់ខ្លួន នៅឯក្របខ័ណ្ឌ Premier League ចាប់តាំងពីបានចូលរួមជាមួយក្រុម​ Brighton នារដូវក្តៅ ដោយការរត់មិនចេះ​ហត់ និងការស៊ុតបញ្ចូលទី ពេល​លេង​ទល់​នឹង​ក្រុម Wolves និង Arsenal។

រូប​គេ​ក៏បានបង្ហាញពីគុណ​ប្រយោជន៍​ សម្រាប់ប្រទេសជាតិ​របស់​ខ្លួន​ផង​ដែរ​ ដោយបានទម្លុះ​សំណាញ់​ទីនូវ​គ្រាប់​បាល់​ជ័យ​ជម្នះ​ទាំង ២​គ្រាប់លើក្រុមអូស្ត្រាលី កាល​ពី​ខែមីនា ដើម្បីជួយ​ឱ្យ​ក្រុម​ជប៉ុនដណ្ដើម​បាន​កៅអីមួយ នៅ World Cup ៧លើក​ជាប់​ៗគ្នា​។

កីឡាករ Mitoma បាន​ធ្លាក់ខ្លួន​គ្រុន​ភ្លាមៗ ​មុនពេល​រូប​គេ​​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន ដែល​​បង្ខំ​ឱ្យ​រូប​គេ​​ចំណាយពេល​ ៥ថ្ងៃ ​នៅលើ​គ្រែ និង​ពន្យារពេល​ការធ្វើ​ដំណើរ​​។ តែ​រូប​គេបានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីហោះហើរទៅដល់​កាតាក្រោយ​គេ ហើយជាមួយ​គ្នា​នេះ រូប​គេ​បានទទូចថា រូប​គេ​នឹងត្រៀមខ្លួន សម្រាប់ការប្រកួតបើកឆាក ក្នុង​ពូល E របស់ជប៉ុនទល់នឹងអាល្លឺម៉ង់ នាថ្ងៃពុធនេះ​។

កីឡាករ Mitoma ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​សូវ​បាន​លេង​ច្រើន​ទេ ដូច្នេះ​វា​ពិបាក​ក្នុង​ការ​និយាយ​ថា ​ខ្ញុំ​នឹង​មាន​ទម្រង់​យ៉ាង​ម៉េច ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា ​វា​នឹង​មាន​បញ្ហា​នោះ​ទេ។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ល្អ​ប្រសើរ​ឡើង​​វិញ​ ១០០​ភាគរយ ​ក្នុង​ហ្គេម ​ទល់​នឹងក្រុម​​​អាល្លឺម៉ង់»។

សម្រាប់​ក្រុម​ជប៉ុន ក្រៅ​ពី​ប៉ះ​ក្រុម​យក្ស​អាល្លឺម៉ង់ ពួក​គេ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង ២ផ្សេត​ទៀត គឺ​អេស្ប៉ាញ និង​កូស្តារីការ សម្រាប់ការ​ប្រកួត ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នេះ៕